អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហាញពីតំបន់ឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យក្នុងដំណើរទស្សនកិច្ចការទូត

by | Jun 3, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជា​ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចការទូតពិសេសនៃការអភិវឌ្ឍឧស្សាហកម្មនិងលំនៅដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងសមាជិកនៃស្ថានទូតនៃប្រទេសជាច្រើន។

ដំណើរទស្សនកិច្ចការទូតនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន WorldBridge Group ចំពោះការអភិវឌ្ឍ​​ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន​ នៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន​ដែលជាបុត្រសម្ព័ន្ធ​ដ៏ពោរពេញ​ដោយសក្ដានុពល រួមមានបណ្ដុំសហគ្រាសធុនតូច និងមធ្យម WorldBridge (WBID), លំនៅដ្ឋាន​តម្លៃសរម្យទីក្រុង​រណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain ជាដើម ។

​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge ​ប្រសាសន៍​ថា ​៖ « ​យើង​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​របស់​យើង​ដល់​សហគមន៍​ការទូតគម្រោងទាំងនេះ គឺជាសក្ខីភាពមួយ​ចំពោះការប្តេជ្ញាចិត្ត​របស់យើងក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារ​សម្រាប់ប្រជាជនកម្ពុជាទាំងអស់ “។

ដំណើរ​ទស្សនកិច្ច​ការទូត​បាន​ទទួល​ជោគជ័យដោយ​ផ្តល់​ឱ្យ​អ្នក​ចូល​រួមបានមើលឃើញជាក់ស្ដែង​អំពី​ការ​រួមចំណែក​របស់ WorldBridge ​Group ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។ សូមបញ្ជាក់ថា WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាដែលមានផលប័ត្រអាជីវកម្មចម្រុះរួមមានអចលនទ្រព្យ សំណង់ ភស្តុភារ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍ​ប្រកបដោយចីរភាព និងរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា៕