ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចការទូតពិសេសនៃការអភិវឌ្ឍឧស្សាហកម្មនិងលំនៅដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងសមាជិកនៃស្ថានទូតនៃប្រទេសជាច្រើន។
ដំណើរទស្សនកិច្ចការទូតនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន WorldBridge Group ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធដ៏ពោរពេញដោយសក្ដានុពល រួមមានបណ្ដុំសហគ្រាសធុនតូច និងមធ្យម WorldBridge (WBID), លំនៅដ្ឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain ជាដើម ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge ប្រសាសន៍ថា ៖ « យើងមានមោទនភាពក្នុងការបង្ហាញពីការអភិវឌ្ឍរបស់យើងដល់សហគមន៍ការទូត។គម្រោងទាំងនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទាំងអស់ “។
ដំណើរទស្សនកិច្ចការទូតបានទទួលជោគជ័យដោយផ្តល់ឱ្យអ្នកចូលរួមបានមើលឃើញជាក់ស្ដែងអំពីការរួមចំណែករបស់ WorldBridge Group ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ សូមបញ្ជាក់ថា WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាដែលមានផលប័ត្រអាជីវកម្មចម្រុះរួមមានអចលនទ្រព្យ សំណង់ ភស្តុភារ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា៕