អំពី សមាគមឧកញ៉ាកម្ពុជា

រចនាសម្ព័ន្ធ សមាគមឧកញ៉ាកម្ពុជា


១) សមាគមឧកញ៉ាកម្ពុជា
(សរសេរជាអក្សរកាត់​ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជាក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ សមាគមឧកញ៉ាកម្ពុជា គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ និងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។ ស.ឧ.ក. មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ​ជាយុទ្ធសាស្ដ្រផ្សេងៗ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា។

២)​ រចនាសម្ព័ន្ធអង្គការចាត់តាំង យោងតាមលក្ខន្ដិកៈ រចនាសម្ព័ន្ធអង្គការចាត់តាំងនៃ ស.ឧ.ក. មាន៖ សន្និបាត ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ក្រុមប្រឹក្សាភិបាល គណៈកម្មការជំនាញ និង អគ្គលេខាធិការដ្ឋាន។ ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ រួមមាន៖ ប្រធានកិត្តិយស អនុប្រធានកិត្តិយស​ និងទីប្រឹក្សាជាន់ខ្ពស់។ ប្រធានកិត្តិយស គឺជាឥស្សរជនជាន់ខ្ពស់បំផុតនៃរាជរដ្ឋាភិបាល​ដែលត្រូវ​បាន​គោរពស្នើ​សុំ​ការ​អនុញ្ញាត និង​គោរពអញ្ជើញដោយផ្ទាល់​ពីប្រធានក្រុមប្រឹក្សា​ភិបាលក្នុងអាណត្តិ​។ បច្ចុប្បន្ន ក្នុងអាណត្តិដំបូង ស.ឧ.ក ដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក ចំនួន ៣២រូប។ ប្រតិបត្តិការប្រចាំថ្ងៃត្រូវបានអនុវត្តដោយក្រុមលេខាធិការដ្ឋាន ដែលដឹកនាំដោយ អគ្គលេខាធិការ ១រូប។

៣) ទស្សនៈវិស័យ ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សានិងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុងឧត្តមនៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និង ការរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។ ​

៤) បេសកកម្ម បេសកកម្មចំបងៗរបស់ ស.ឧ.ក មានដូចខាងក្រោម៖

  • ធ្វើជាតំណាង និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ាដែលជាសមាជិក
  • កសាងទំនាក់ទំនងឱ្យមានភាពសិ្នទ្ធស្នាលប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដោយបង្ហាញនូវឆន្ទៈពិតប្រាកដ ដើម្បីបង្កើតឱ្យមានជំនឿទុកចិត្តគ្នាក្នុងភាពជាមហាគ្រួសារឧកញ៉ា
  • រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់
  • លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា
  • បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


    ៥) ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល

    អនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ាបានទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាផ្លូវការក្នុងនាមជាដៃគូរាជរដ្ឋាភិបាលលើការងារដូចជា៖

    • ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តឬរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលទទួលបានគោរមងារឧកញ៉ា ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
    • ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា
    • ជួយរាជរដ្ឋាភិបាលលើការប្រមូលវិភាគទានពីគោរមវន្តដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
    • ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា
    • ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស បុព្វសិទ្ធិនានាឬការតែងតាំងក្នុងមុខងារនានាដល់គោរមវន្ត
    • ជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គម
    • អមដំណើរជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកកម្មក្នុងនិងក្រៅប្រទេសសំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

៦) ការចូលរួមរបស់ ស.ឧ.ក ជាមួយរាជរដ្ឋាភិបាលក្នុងពេលកន្លងមក

  • បានថ្វាយដង្វាយជាអង្ករ និងថវិកា ថ្វាយ អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដើម្បីចូលរួមដង្ហែព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ

  • បានចូលរួមកសាងអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

  • បានគាំទ្រ និងបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជាតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

  • បានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

  • បានចូលរួមជាមួយសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែ

  • បាននាំយកបច្ច័យដើម្បីជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត

  • បានចែកកាបូប និងសម្លៀកបំពាក់ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាស្រះឈូក ក្នុងខេត្តឧត្តរមានជ័យ

  • បាននាំយកសំលៀកបំពាក់ សម្ភារៈសិក្សា និងថវិកាដើម្បីឧបត្ថម្ភដល់សិស្សានុសិស្ស និងសម្រាប់កសាងហេដ្ឋារចនាសម័្ពន្ធនានានៅក្នុងសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

  • បាននាំយកសំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កុមាដែលកំពុងស្ថិតនៅក្នុងការថែទាំក្នុងមណ្ឌលកុមារកំព្រាចំនួន ៤កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ

  • ចូលរួមថវិកាជាមួយក្រសួងយុត្តិធម៌ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមចំនួន ២នៅខេត្តបាត់ដំបង និងខេត្តព្រៃវែង

  • និងបានចូលរួមបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់នៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ជាដើម។

៧)​ ការចូលជាសមាជិកភាព

៧.១ លក្ខខណ្ឌតម្រូវនៃសមាជិកភាព

ឧកញ៉ាដែលអាចស្នើសុំចូលជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបំពេញរាល់លក្ខខណ្ឌតម្រូវដូចខាងក្រោម៖

  • បានទទួលគោរមងារជាឧកញ៉ាដែលមាននិយមន័យដូចកំណត់នៅក្នុងប្រការ ២ នៃលក្ខន្ដិកៈ ស.ឧ.ក.
  • មិនធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
  • មានសេចក្ដីថ្លៃថ្នូរ និងសុចរិតភាព ក្នុងសង្គមនិងក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈ និង
  • មានឆន្ទៈ និងភាពស្មោះត្រង់ក្នុងការចូលរួមរាល់សកម្មភាពការងាររបស់ ស.ឧ.ក.។

.២ បែបបទនៃការសុំចូលជាសមាជិក

  • ត្រូវបំពេញសំណុំឯកសារនៃការដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក. ដូចខាងក្រោម៖
  • ពាក្យសុំចូលជាសមាជិក ១ (មួយ) ច្បាប់
  • ជីវប្រវត្តិសង្ខេប ១ (មួយ) ច្បាប់
  • រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ (បី) ខែ ​ទំហំ ៤x៦ (បួនគុណប្រាំមួយ) ចំនួន ៣​ (បី) សន្លឹក
  • ច្បាប់ថតចម្លងដែលមានការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមនៃព្រះរាជក្រឹត្យ ដែលផ្ដល់គោរមងារជាឧកញ៉ា ១ (មួយ) ច្បាប់​ និង
  • លិខិតថ្កោលទោស ១ (មួយ) ច្បាប់។

សំណុំឯកសារនៃការដាក់ពាក្យសុំចូលជាសមាជិកភាព ត្រូវដាក់នៅអគ្គលេខាធិការដ្ឋាន ស.ឧ.ក. ដែលត្រូវពិនិត្យពីភាពត្រឹមត្រូវ និងពេញលេញនៃសំណុំឯកសារ មុននឹងដាក់ជូនគណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ដែលត្រូវពិនិត្យ និងសម្រេចលើការបញ្ចូលឧកញ៉ាជាសមាជិក ស.ឧ.ក.។