ក្រសួងកសិកម្មកំពុងជំរុញការអនុវត្ត​គំនិត​ផ្តួចផ្តើម​ប៉ូល​សេដ្ឋកិច្ច​ទី៤ នៅ​ភាគ​ពាយព្យក្នុង​ខេត្ត​ចំនួន ៤

by | Nov 21, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានថ្លែងក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ «​កម្មវិធី​គោ​លន​យោ​​បាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧»​ កាល​​ពីថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា ក្រសួង​កំពុង​ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ប៉ូល​សេដ្ឋកិច្ច​ទី៤ នៅ​ភាគ​ពាយព្យ ក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មានជ័យ និង​ខេត្ត​ប៉ៃលិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្សារ​​ភ្ជាប់​នឹង​ការបង្កើត​ច្រក​មច្ឆា និង​អង្ករដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិនក៏ដូចជាដើម្បីកៀរគរវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។

គួររលឹកថា នៅក្នុងវេទិកាជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍កម្ពុជា-ចិន កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឲ្យវិនិយោគិនចិនចាប់យកឱកាសបណ្តាក់ទុននៅភូមិភាគពាយព្យប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសដែលគ្របដណ្តប់លើខេត្តចំនួន៤នេះផងដែរ។ សូមបញ្ជាក់ថា គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ​​ ២០២៣ ការនាំ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ​សរុប​ជាង ៦,២ ​លាន​តោន គិត​ជា​ប្រា​ក់ជាង ៣,៥០០ ​លាន​ដុ​ល្លារអាម៉េរិកទៅ​ទិសដៅចំនួន ៧៤ប្រទេស​។

នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣គឺ៖ ប៉ូលទី១ រាជធានីភ្នំពេញ, ទី២ ខេត្តព្រះសីហនុ និងទី៣ នៅខេត្តសៀមរាប៕