(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧» កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងកំពុងជំរុញការអនុវត្តគំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយព្យ ក្នុងខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់នឹងការបង្កើតច្រកមច្ឆា និងអង្ករដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសកម្ពុជា និងប្រទេសចិនក៏ដូចជាដើម្បីកៀរគរវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។
គួររលឹកថា នៅក្នុងវេទិកាជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍កម្ពុជា-ចិន កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឲ្យវិនិយោគិនចិនចាប់យកឱកាសបណ្តាក់ទុននៅភូមិភាគពាយព្យប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសដែលគ្របដណ្តប់លើខេត្តចំនួន៤នេះផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិមានបរិមាណសរុបជាង ៦,២ លានតោន គិតជាប្រាក់ជាង ៣,៥០០ លានដុល្លារអាម៉េរិកទៅទិសដៅចំនួន ៧៤ប្រទេស។
នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣គឺ៖ ប៉ូលទី១ រាជធានីភ្នំពេញ, ទី២ ខេត្តព្រះសីហនុ និងទី៣ នៅខេត្តសៀមរាប៕