អ្នកឧកញ៉ា លាង ម៉េង

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា លាង ម៉េង (Neak Oknha Leang Meng) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧៥ ហើយបានចូលប្រឡូកក្នុង​វិស័យជំនួញតាំងពីឆ្នាំ១៩៩៣មក។

អ្នកឧកញ៉ា លាង ម៉េង គឺជាកូនរបស់ អ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុនជីប ម៉ុង និងជាប្អូនប្រុសបង្កើតរបស់ អ្នកឧកញ៉ា លាង ឃុន។ អ្នកឧកញ៉ាក៏ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុនលក់សម្ភារ និងទំនិញ (MFCG), ក្រុមហ៊ុនស៊ីម៉ង់ត៍ និងបេតុង, ក្រុមហ៊ុនភេសជ្ជៈ, សណ្ឋាគារលំដាប់ផ្កាយ៥, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, សំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្មព្រមទាំងវិស័យកសិកម្មផងដែរ។

ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ា លាង ម៉េង បានបំពេញតួនាទីចម្បងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រទាំងរយៈពេលខ្លី មធ្យម និងវែង បន្ទាប់មកសម្របសម្រួលធ្វើផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃ ធ្វើយ៉ាងណាធានាឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ។

ក្រៅពីការផ្តោតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន អ្នកឧកញ៉ា ក៏បានយកចិត្តទុកដាក់ខ្ពស់លើការទទួលខុសត្រូវចំពោះសង្គមដោយបានប្រតិបត្តិការធុរកិច្ចប្រកបដោយអនុលោមភាពខ្ពស់ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕