លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់

by | May 13, 2023 | សមាជិកស្ថាបនិក

លោកអ្នកឧកញ៉ា លី​ យ៉ុងផាត់ (Neak Oknha Ly Yongphat) មានតួនាទីជាប្រធានសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក)។ អ្នកឧកញ៉ាជាជនជាតិខ្មែរដែលកើតក្នុងឆ្នាំ១៩៥៨ ក្នុងខេត្តកោះកុង។ អ្នកឧកញ៉ាមានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង និងមានកូនប្រុសស្រីចំនួន៥នាក់។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ និងបានអនុវត្តរបបទីផ្សារសេរី លោកអ្នកឧកញ៉ាបានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យជំនួញចាប់តាំងពីឆ្នាំ១៩៩៥ និងបានទទួលជោគជ័យជាបន្តបន្ទាប់រហូតមក។

បច្ចុប្បន្ន លោកអ្នកឧកញ៉ាកំពុងកាន់កាប់មុខជំនួញជាច្រើនដែលគ្របដណ្តប់លើពហុវិស័យដូចជា៖ វិស័យថាមពលរួមមានវារីអគ្គីសនី និងការផ្គត់ផ្គង់សេវាអគ្គិសនី, វិស័យទឹកស្អាត, វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមានដូចជាសណ្ឋាគារ កន្លែងកម្សាន្ត ទីលានវាយកូនហ្គោល សួនទឹក សួនសត្វ កាស៊ីណូ និងហាងលក់ទំនិញលើកលែងពន្ធ, វិស័យកសិកម្មនិងកសិឧស្សាហកម្មរួមមានចម្ការកៅស៊ូ ចម្ការអំពៅ និងរោងចក្រផលិតស្ករស, វិស័យព័ត៌មានដូចជាទូរទស្សន៍ និងវិស័យសេវាកម្មមានដូចជាតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែទឹកជ្រៅ។

ក្រៅពីជាប្រធានសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ាក៏ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះលោកអ្នកឧកញ៉ា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា រហូតទទួលបានការគោរព ការកោតសរសើរ និងផ្តល់តម្លៃពីគ្រប់មជ្ឈដ្ឋានព្រមទាំងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕