ថ្ងៃព្រហស្បត្តិ៍៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមឧកញ៉ាកម្ពុជា ស.ឧ.ក បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២ អាណត្តិទី១ របស់ខ្លួននៅសណ្ឋាគារភ្នំពេញ អង្គប្រជុំមានកូរ៉ុមគ្រប់ចំនួន និងបានចាប់ផ្តើមនៅវេលាម៉ោង ១៥.៣០នាទីរសៀល ក្រោមអធិបតីភាព អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃ ស.ឧ.ក. និងជាប្រធានអង្គប្រជុំ ។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ាប្រធានបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលមានវត្តមាន និងបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២នេះ។ បន្ទាប់មកទៀត អ្នកឧកញ៉ាប្រធានក៏បានរម្លឹកបញ្ជាក់ឡើងវិញអំពីចក្ខុវិស័យ និងបេសកកម្មរបស់សមាគម ដែលក្នុងនោះមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំកសាងសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជាទាំងមូល។
អង្គប្រជុំមានរបៀបវារៈចំនួន៤ សំខាន់ៗ ហើយអ្នកឧកញ៉ាប្រធាន បានដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា និងអនុម័ត ហើយក៏បានស្នើអោយសមាជិកអង្គប្រជុំលើកជាចំនុចពិភាក្សាបន្ថែម បើសិនជាមាន។ របៀបវារៈទាំង៤ រួមមាន៖
១) របាយការណ៍ហិរញ្ញវត្ថុ និងផែនការឆ្នាំ២០២៣
២) សមិទ្ធិផលសម្រេចបាន និងវឌ្ឍនភាពការងារ
៣) ការអនុម័តបទបញ្ជាផ្ទៃក្នុង
៤) ផែនការបញ្ចូលសមាជិកបន្ថែម។
របៀបវារៈទាំងអស់ត្រូវបានពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងអនុម័ត។ អង្គប្រជុំបានបញ្ចប់ នៅម៉ោង ១៨.៣០នាទី ក្រោមបរិយាកាសរីករាយ ស្និទ្ធិស្នាល និងសាមគ្គីភាព។