អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចំនួន១៩រូប ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សុខ ចិន្តាសោភា

by | May 13, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

វិមានរាជរដ្ឋាភិបាល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចំនួន១៩រូប ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាលើភាពជាដៃគូ រវាងស្ថាប័នទាំង២ ស្របតាមស្មារតីនៃលិខិតលេខ៣៥០ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានចាប់ផ្តើមដោយការស្វាគមន៍ដល់ អ្នកឧកញ៉ាប្រធាន និងសមាជិកទាំងអស់ដែលមានវត្តមាន និងបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិនៃការក៏កើត រចនាសម្ព័ន្ធ និងតួនាទីរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់បន្ថែមថា សមាគមឧកញ៉ាកម្ពុជា មានតួនាទីអមរាជរដ្ឋាភិបាលក្នុងការលេីកកម្ពស់ពាណិជ្ចកម្ម ជំរុញការវិនិយោគក្នុងគោលបំណងជួយអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម ដោយមិនដើរតួនាទីចចារទេ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាននិងតាំងនាមអោយសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវការគោរព និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ និងសហការីដែលបានអនុញ្ញាតអោយមានការរៀបចំកិច្ចប្រជុំនេះឡើង និងបានលើកឡើងនូវគោលគំនិតមួយចំនួនដើម្បីពិភាក្សា។
ជាលទ្ធផល ស្ថាប័នទាំង២ បានឯកភាពធ្វើការរួមគ្នាលើការជម្រុញលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជាតាមរយៈផែនការសកម្មភាពមួយចំនួន ហើយនឹងត្រៀមចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តន៍។ ស្ថាប័នទាំង២ក៏បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេសដើម្បីធ្វើការពិភាក្សាការងារលម្អិតក្នុងកម្រិតបច្ចេកទេស និងការទទួលខុសត្រូវក្នុងការអនុវត្តន៍កិច្ចសហការនាថ្ងៃខាងមុខ។