អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាសមាជិកស្ថាបនិក និងជាក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

by | May 13, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

           កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាសមាជិកស្ថាបនិក និងជាក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាភូមិគ្រឹះរបស់សម្តេច ក្នុងក្រុងតាខ្មៅ។

          អ្នកឧកញ៉ា លី យ៉ុងផាត់ បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ដែលបានអនុញ្ញាតអោយគណៈប្រតិភូសមាគមបានចូលជួប សម្តែងការគួរសម និងជម្រាបជូន សម្តេចតេជោ អំពីការបង្កើតឡើងជាផ្លូវការនូវសមាគមឧកញ៉ាកម្ពុជា ទស្សនវិស័យ និងបេសកកម្មរបស់សមាគម និងធ្វើការណែនាំអំពីសមាជិកស្ថាបនិក និងជាក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មការជំនាញទាំង៤ និងអគ្គលេខាធិការ១រូបដែលដឹកនាំប្រតិបត្តិការងារប្រចាំថ្ងៃ របស់សមាគម។

          អ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកក៏បានស្នើសុំនូវមតិណែនាំបន្ថែមពីសំណាក់ សម្តេចតេជោ ក្នុងនាម សម្តេចជាប្រធានកិត្តិយស សម្រាប់កិច្ចដំណើរការរបស់សមាគមឆ្ពោះទៅសម្រេចទស្សនវិស័យដែលបានកំណត់។

 

          ឆ្លៀតឱកាសនោះផងដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកទាំងអស់បានគោរពថ្លែងអំណរគុណចំពោះ សម្តេច ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយនៃសមាគមឧកញ៉ាកម្ពុជា និងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បួងសួងគោរពជូនពរជ័យគ្រប់ប្រការជូន សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ បានប្រកបនូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

            ជាការឆ្លើយតប សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការបង្កើតសមាគមឧកញ៉ាកម្ពុជា ដែលជាការរួមគ្នាប្រមូលកំលាំងធនធាន ប្រាជ្ញា និងបទពិសោធន៍ចូលរួមជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងការជំរុញការវិនិយោគក្នុងប្រទេសបង្កើតការងារជូនប្រជាជន ។

        សម្តេចតេជោ បានណែនាំអោយពង្រឹងលេខាធិការដ្ឋានសម្រាប់ប្រតិបត្តិកិច្ចការងារសមាគម ធ្វើយ៉ាងណាជួយសមាគមអោយមាននិរន្តរភាព ។ សម្តេចតេជោ ពិតជាត្រេកអរដែលឧកញ៉ាបានរួមគ្នាបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើងដើម្បីចូលរួមចំណែកកិច្ចការងារសង្គម និងការងារមនុស្សធម៌។