បេសកកម្មរបស់ប្រតិភូសមាគមឧកញ៉ាកម្ពុជានៅសហភាពអឺរ៉ុបសម្រេចបានលទ្ធផលគួរជាទីមោទនៈ

by | Jun 17, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ តបតាមការអញ្ជើញញរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធានដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលមានសមាសភាពដូចជា អ្នកឧកញ៉ា គួន ធីតា និង ឧកញ៉ា លាង ពៅ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង «បេសកកម្មគោះទ្វារផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគនៅសហភាពអឺរ៉ុប» កាលពីថ្ងៃទី៩-១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងដំណើរបេសកកម្មនេះ ប្រតិភូនៃសមាគមឧកញ៉ាកម្ពុជាបានចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអេស្ប៉ាញ, លោកស្រីនាយិកាប្រតិបត្តិសភាពាណិជ្ជកម្មអេស្ប៉ាញ, លោកស្រីអភិបាលរងក្រុង Nuremberg នៃប្រទេសអាល្លឺម៉ង់, លោកនាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់, ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មក្រៅប្រទេសអាល្លឺម៉ង់ និងចូលរួមជំនួបផ្គូរផ្គងធុរកិច្ចជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនដែលមានសក្តានុពលរបស់ប្រទេសទាំងពីរប្រមាណជាង៤០និងបានបំពេញទស្សនកិច្ចនៅតាមមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុន Acciona Energía, ក្រុមហ៊ុន INSUD PHARMA, ក្រុមហ៊ុន UVEX, មជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg, ក្រុមហ៊ុន NürnbergMesse និងក្រុមហ៊ុនខ្នាត យក្ស Bosch ជាដើម។

ក្នុងអំឡុងពេលបំពេញបេសកកម្ម ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញព្រមទាំងជម្រាបជូនវិនិយោគិន ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មអេស្ប៉ាញ និងអាល្លឺម៉ង់ក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធនូវសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា រួមទាំងអំពីលក្ខខណ្ឌអំណោយផលនៃច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានណែនាំពីវិនិយោគិនសំខាន់ៗក្នុងគោលបំណងធ្វើជាដៃគូផ្គូរផ្គងធុរកិច្ចពីសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ដែលសុទ្ធតែមានសក្តានុពលបាននិងកំពុងវិនិយោគហើយរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ខណៈដែលរាជ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយ ជាពិសេសបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលអនុញ្ញាតឱ្យមានការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរស្របគ្នានឹងអំណះអំណាងរបស់ធនាគារពិភពលោកថា«កម្ពុជាគឺជាប្រទេសដែលមានរបបវិនិយោគសេរីជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍» ដោយសារកម្ពុជាពុំមានការធ្វើជាតូបនីយកម្ម, ការធ្វើអស្សាមិករណ៍ផ្ទុយនឹងច្បាប់កំណត់, ការត្រួតពិនិត្យលើការប្តូរប្រាក់និងការត្រួតពិនិត្យលើការផ្ទេរមូលធនមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលឆ្លុះបញ្ចាំងតាមអត្រាកំណើនខ្ពស់ អត្រាអតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព រួមទាំង អត្រាការប្រាក់ថយចុះ, ការកើនឡើងនូវអាយុរំពឹងទុកប្រមាណ ១៥ឆ្នាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយដែលបានឆ្លុះបញ្ចាំងអំពីជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ,ការនាំចូលទៅកាន់តំបន់អឺរ៉ុបដោយមិនជាប់ពន្ធក្រោមយន្តការ EBA (Everything But Arms) ព្រមទាំងការផ្តល់ការលើកទឹកចិត្តដ៏ទូលំទូលាយផ្សេងៗទៀត។

ជាមួយគ្នានេះ ប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលសុទ្ធសឹងជាពាណិជ្ជករ និងជាវិនិយោគិនដែលកំពុងវិនិយោគផ្ទាល់នៅក្នុងប្រទេសកម្ពុជា បានជម្រាបជូនបណ្តាដៃគូបរទេសនូវបទពិសោធន៍ជាក់ស្តែងអំពីស្ថានភាពក៏ដូចជាកាលានុវត្តភាពធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសបានណែនាំអំពីវិស័យដែលកំពុងមានសក្តានុពលផងដែរ។

ជាលទ្ធផល លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអេស្ប៉ាញបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទេសចរណ៍, ឱសថ,ថាមពលកកើតឡើងវិញនិងប្រព្រឹត្តិកម្មទឹកកខ្វក់។ ស្របគ្នានេះ លោកស្រីអភិបាលរងក្រុង Nuremberg ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះហើយបានបង្ហាញនូវការគាំទ្រឱ្យមានក្រុមហ៊ុនអាល្លឺម៉ង់ទៅវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតខណៈដែលក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរបានបង្ហាញអំពីឆន្ទៈក្នុងការដាក់ទុនវិនិយោគ,ការស្វែងរកដៃគូវិនិយោគក្នុងស្រុកនិងការចុះសិក្សាសក្តានុពលទីផ្សារកម្ពុជាជាក់ស្តែងក្នុងពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឯកឧត្តមរីករាយក្នុងការទទួលស្វាគមន៍ដោយនឹងបង្កើតនូវការិយាល័យច្រកចេញចូលតែមួយក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាព្រមជាមួយវិស័យឯកជនដើម្បីរៀបចំទទួលវិនិយោគិនពីអេស្ប៉ាញ និងអាល្លឺម៉ង់នាពេលអនាគត៕