អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ចុះទស្សនកិច្ចក្រុមហ៊ុន Acciona Energía

by | Jun 11, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

អេស្ប៉ាញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយដែលមានជំនាញលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតហើយកំពុងប្រតិបត្តិការអស់រយៈពេលជាង៣០ឆ្នាំមកហើយលើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។

ក្រុមហ៊ុន Acciona Energía បានជម្រាបជូនគណៈប្រតិភូកម្ពុជាអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។

សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía ក៏មានបំណងវិនិយោគលើការទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជាខណៈក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ៕