កំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបទៀតដែលជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កំពង់ផែអន្តរជាតិខេត្តកំពតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត (Kampot Port) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ឈ្មោះជាផ្លូវការថា «កំពង់ផែពហុបំណងកំពត» តាមរយៈអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានតួនាទីបម្រើសេវាឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក លើកដាក់និងរក្សាទុកទំនិញជាកុងតឺន័រ ទំនិញទូទៅ និងអ្នកដំណើរ។
កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀតហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជាដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុបដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗមុននឹងទៅដល់គោលដៅចុងក្រោយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរចំពោះអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាដែលបានខិតខំខ្នះខ្នែងក្នុងការសម្រេចផែនការកសាងកំពង់ផែពហុបំណងកំពតនេះឡើងបើទោះបីជាបានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃការរីករាលដាលវីរុសកូវីដ១៩ក៏ដោយចុះ។ សម្តេចបានមានប្រសាសសន៍ថា ក្នុងអំឡុងពេលដ៏លំបាកនោះអ្នកឧកញ៉ាបានតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធនានារហូតសម្រេចបានដំណាក់កាលទី១ដែលត្រូវបានសម្ពោធនាព្រឹកនេះ ដោយសុខចិត្តបង្វិលទុនពីគម្រោងផ្សេងៗទៀតមកវិនិយោគលើកំពង់ផែពហុបំណងនេះ។
ពិធីសម្ពោធនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ បន្ថែមពីនេះ កំពង់ផែនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេសក្នុងការចូលរួមវិនិយោគអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕