សម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធរោងចក្រដំឡើងដែលបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA នៃប្រទេសជប៉ុន និង គង់នួន គ្រុប

by | May 2, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាគឺ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ដែលជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់នួន គ្រុប ចំនួន១០ភាគរយ។ សូមបញ្ជាក់ថា ឧកញ៉ា គង់ នួន សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជាគឺជាអគ្គនាយកក្រុមហ៊ុន គង់នួន គ្រុប ដែលត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​១៩៩១ ​​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​នាំ​ចូល និង​ចែក​ចាយ​​​គ្រឿង​យន្ត​ដូច​ជា​គ្រឿង​ចក្រ​សាង​សង់​ផ្លូវ​ គ្រឿង​ចក្រ​សំណង់ និង​គ្រឿង​ចក្រ​​ផ្នែក​កសិកម្ម​ជាដើម។

ចំពោះ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ រោងចក្រដំឡើងរថយន្តនេះបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លាអាម៉េរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១,៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១៖ ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២៖ ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០គ្រឿង។

សម្តេចធិបតី បានថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតាដែលបាន​ពង្រីកធុរកិច្ចរបស់ខ្លួនជាមួយទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួនពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុងមកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុកជាមួយនឹងការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។ សម្តេចបានបន្ថែមថា រោងចក្រដំឡើងរថយន្តតូយ៉ូតា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និងកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងកម្ពុជាជាមួយភាគីមិត្តជប៉ុន។ សម្តេចបានថ្លែងថា សម្តេចពិតជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា, យើងនឹងបន្ត ទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត។

គិតមកទល់ពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុបចំនួន​៦, ដោយចំនួន៤កំពុងដំណើរការ និងចំនួន ២ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំង​ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ៕