ពិធីបិទ និងបូកសរុបលទ្ធផលសន្និបាតក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

by | Apr 30, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជានារសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារហ្គាឌិនស៊ីធី។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត រួមទាំងសកម្មភាពមនុស្សធម៌នានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្ថែមថា ការរៀបចំ និងកិច្ចដំណើរការសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយភាពជោគជ័យនាពេលនេះ គឺជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនិងវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន៍ឧកញ៉ា ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបាននិងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។

ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជាដូចខាងក្រោម ៖

១. គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

២. ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។

៣. ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា។

៤. ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាងរបស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។

៥. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។

៦. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផងនៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។

៧. សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន។