ពិធីបើកសន្និបាតលើកទី១បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

by | Apr 30, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារហ្គាឌិនស៊ីធី សមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីបើកសន្និបាតលើកទី១ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានវត្តមានអ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ២២០រូប។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងមតិស្វាគមន៍និងបានជម្រាបជូនអង្គសន្និបាតពីសាវតាសង្ខេបនៃការបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើងព្រមទាំងចក្ខុវិស័យ បេសកកម្មសំខាន់ៗ និងតួនាទីផងដែរ ជាពិសេសសមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពមនុស្សធម៌ និងសាមគ្គីភាពក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមបានកំណត់ថា ការរៀបចំធ្វើសន្និបាតគឺត្រូវធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗដើម្បីរាយការណ៍ពីសកម្មភាពសមាគមជូនសមាជិកទាំងអស់ស្តីពីលទ្ធផលសកម្មភាពឆ្នាំចាស់និងទិសដៅផែនការសកម្មភាពឆ្នាំថ្មីរបស់សមាគមឧកញ៉ាកម្ពុជា។ ដោយឡែកក្នុងឆ្នាំ២០២៣ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលបានសម្រេចពន្យារពេលរហូតដល់ខែមេសានេះពីព្រោះថានេះជាឆ្នាំដំបូងដែលសមាគមត្រូវរៀបចំសន្និបាតដូច្នេះការរកពេលវេលាសមស្របគឺជារឿងចាំបាច់។

របៀបវារៈបន្ត ជាបទបង្ហាញអំពីសមិទ្ធផលការងាររបស់គណៈកម្មការជំនាញទាំង ៤ នៅក្នុងឆ្នាំ២០២៣កន្លងមកដែលមានជាបន្តបន្ទាប់ដូចជា៖

១. បទបង្ហាញរបស់ អ្នកឧកញ៉ា ផែ ហុកឈួន ប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ អំពីការបំពេញការងារទូទៅរួមជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុទាំងចំណូល ចំណាយ និងសមតុល្យចុងគ្រាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលរបាយការណ៍ទាំងនេះត្រូវបានធ្វើសវនកម្មរួចរាល់ដោយសវនករឯករាជ្យ

២. បទបង្ហាញរបស់ អ្នកឧកញ៉ា លាង ម៉េង ប្រធានគណៈកម្មការកិច្ចការច្បាប់អំពីសមិទ្ធផលការងារលើការរៀបចំឯកសារគតិយុត្តនានាដើម្បីប្រើប្រាស់នៅក្នុងសមាគមនាឆ្នាំកន្លងមកក៏ដូចជាការបន្តចូលរួមក្នុងនាមជាដៃគូរាជរដ្ឋាភិបាលលើការពិនិត្យ វាយតម្លៃ លើកសំណើ និងបញ្ចប់គោរមងារឧកញ៉ា ព្រមទាំងការគាំពារផ្នែកច្បាប់ដើម្បីជាគុណប្រយោជន៍របស់គោរមវន្តនិងចំពោះសមាគមផងដែរ

៣. បទបង្ហាញរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដោយរួមមានការងារទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិ ដោយអនុវត្តភាពនូវភាពជាដៃគូជាមួយរាជរដ្ឋាភិបាលជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឈានទៅរៀបចំវេទិការធុរកិច្ចឆ្នាំ២០២៤ ក៏ដូចជាបន្តកិច្ចសហការជាមួយបណ្តាស្ថាប័នជាដៃគូជាតិ និងអន្តរជាតិតាមរយៈការបញ្ជូនសមាសភាពពីសមាគមចូលរួមជាសមាជិកនៃគណៈកម្មធិការឬក្រុមប្រឹក្សានានា ព្រមទាំងការចាប់ដៃគូផ្គូផ្គងធុរកិច្ចជាមួយវិនិយោគិនបរទេសជាដើម

៤. បទបង្ហាញរបស់ អ្នកឧកញ៉ា លី​ ហួរ ប្រធានគណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ ដោយបានផ្តោតជាសំខាន់លើការធ្វើបច្ចុប្បន្នកម្មនៃចំនួនសមាជិកដែលបានកើនដល់៣៦៥រូបគិតត្រឹមខែមេសា ឆ្នាំ២០២៤ និងបន្តគៀងគរបន្ថែមទៀតដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីការពារគុណតម្លៃ ​និងឧត្តមភាពគោរមវន្ត ជាពិសេសបន្តធ្វើសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិ

៥. បទបង្ហាញរបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជាលើចក្ខុវិស័យ និងបេសកកម្មរបស់សមាគម រួមជាមួយរចនាសម្ព័ន្ធដឹកនាំ និងកិច្ចការទូទៅរបស់អគ្គលេខាធិការដ្ឋានដែលជាសេនាធិការទទួលបន្ទុកបំពេញការងារប្រចាំថ្ងៃតាមការសម្រេចរបស់ថ្នាក់ដឹកនាំ និងតាមការចាំបាច់របស់គណៈកម្មការជំនាញទាំង ៤ ជាពិសេសបន្តអភិវឌ្ឍនិងបោះពុម្ព សៀវភៅឧកញ៉ា សៀវភៅសកម្មភាព ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស និងឯកសារនានា។

បន្ទាប់មកទៀត អង្គសន្និបាតទាំងមូលបានឈានចូលដល់របៀបវារៈសំណួរចម្លើយដែលបានផ្តល់ឱកាសដល់សមាជិកលើកឡើងនូវសំណួរក៏ដូចជាសំណូមពរនានាដើម្បីចូលរួមផ្តល់នូវទស្សនាទានល្អៗក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សមាគមឱ្យកាន់តែល្អប្រសើរ និងបំពេញការងារប្រកបដោយផ្លែផ្កាជាវិជ្ជមាន។ របៀបវារៈនេះបានដំណើរការទៅដោយផុសផុល និងមានការចោទសួរ ព្រមទាំងបកស្រាយយ៉ាងលម្អិតដោយប្រធានគណៈកម្មជំនាញនីមួយៗ។