ថ្នាក់ដឹកនាំ​ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ

by | Apr 10, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៤០រូប បានចូលរួម “សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ” ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នរដ្ឋ ថ្នាក់រាជធានី-ខេត្ត និងធុរជន និងវិនិយោគិននៃវិស័យឯកជនជាច្រើន។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការវិនិយោគ សម្រាប់ជាមូលដ្ឋានជូនដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គសិក្ខាសាលាអំពីលទ្ធផលការងារដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចបានដោយលើកឡើងពី គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានការកើនឡើងគួរកត់សម្គាល់ ក្នុងនោះឆ្នាំ២០២២ មានចំនួន ១៨៦គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានចំនួន ២៦៨គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៤៤% លើចំនួនគម្រោង និង២២% លើចំនួនថវិកា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏មានប្រសាសន៍ចែករំលែកផងដែរអំពីកត្តាទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដែលរួមមាន (១) សន្តិភាព និងស្ថិរភាពនយោបាយ (២) ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (៣) ច្បាប់ស្ដីពីវិនិយោគដែលមានការលើកទឹកចិត្ត និងបើកចំហទូលំទូលាយ (៤) រាជរដ្ឋាភិបាលមានការគាំទ្រ និងជួយសម្របសម្រួលដល់វិស័យឯកជន (៥) ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍ និងការតភ្ជាប់កាន់តែល្អប្រសើរ (៦) ប្រជាជនវ័យក្មេងប្រកបដោយថាមពល (៧) ទីតាំងភូមិសាស្ត្រអំណោយផលស្ថិតនៅចំកណ្ដាលនៃមហាអនុតំបន់ទន្លេមេគង្គ មានប្រជាជនចំនួន ២៥០លាននាក់, តំបន់អាស៊ាន មានប្រជាជន ៦៧១លាននាក់, និងក្នុងក្របខណ្ឌ RCEP មានប្រជាជន ២.៣ពាន់លាននាក់ ព្រមទាំងកត្តាបន្ទាប់បន្សំផ្សេងៗទៀត។

ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន (១) ការជំរុញវិនិយោគ និងកិច្ចសម្រួលវិនិយោគ (២) ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និង (៣) នីតិវិធីចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

បន្ទាប់ពីបទង្ហាញរួចមក អង្គសិក្ខាសាលាក៏បើកឱកាសជូនអ្នកចូលរួម លើកជាសំណូមពរ និងចោទសួរជាសំណួរពាក់ព័ន្ធនឹងច្បាប់ស្ដីពីវិនិយោគ និងលិខិតបទដ្ឋានគតិយុត្តនានាខាងលើ ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជា បំបាត់រាល់ចម្ងល់នានាផងដែរ។