អ្នកឧកញ៉ា សួរ វីរៈ នាំយកថវិកា ១៣០លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងបុព្វហេតុសង្គ្រោះអាយុជីវិតកុមារកម្ពុជា

by | Apr 8, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងជាសមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ រួមជាមួយក្រុមការងារបាននាំយកនូវថវិកាចំនួន ១៣០លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា។

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា៖ «នេះជាលើកទី៨ ដែលខ្ញុំបាទនិងក្រុមការងារ បាននាំជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តជួយសង្គ្រោះដល់កុមារកម្ពុជា។ បន្ទាប់ពីការងារពួកយើងតែតែគិតពីការងារសង្គម និងមនុស្សធម៌ដែលនាំមកនូវវប្បធម៌ចែករំលែកដើម្បីសង្គមជាតិ។»

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អ្នកឧកញ៉ា សួរ វីរៈ បានរួមចំណែកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងទំហំទឹកប្រាក់ប្រមាណជាជិត ២០មុឺនដុល្លារអាម៉េរិកហើយ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានបំពេញសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀត ដូចជា កសាងវត្តអារាម សាងសង់សាលារៀននៅក្នុងស្រុកស្ទោងខេត្តកំពង់ធំដែលជាទឹកដីកំណើតរបស់លោក និងក្នុងខេត្តពោធិ៍សាត់ ជីកអណ្តូងទឹកជូនដល់ប្រជាជនក្នុងសហគមន៍ កសាងផ្លូវថ្នល់ និងការចែកអំណោយជូនជនក្រីក្រជាប្រចាំផងដែរ។

បន្ថែមពីលើនេះ ក្នុងស្មារតីចែករំលែក និងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស អ្នកឧកញ៉ា បាននិងកំពុងស្វែងរកទីតាំងដើម្បីកសាងសាលារៀននៅក្នុងតំបន់គីរីរម្យ ក៏ដូចជាគម្រោងបង្កើតសាលារៀនផ្នែកព័ត៌មានវិទ្យានៅលើទឹកដីកោះស្តេចខេត្តកោះកុងដោយផ្តល់នូវការសិក្សា និងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងការជួយរកទីផ្សារកសិផលសម្រាប់កសិករនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវដោយគាំទ្រទាំងទៅលើគុណភាពផលិតកម្ម បច្ចេកទេស ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម។