អ្នកឧកញ៉ា លី យ៉ុងផាត់រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល បានទទួលស្វាគមន៍ និងពិភាក្សាធុរកិច្ចជាមួយ លោក Zhong Hong អភិបាលរងទីក្រុងណាននីង និងគណៈប្រតិភូ

by | Mar 29, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៃសណ្ឋាគារភ្នំពេញ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល បានទទួលស្វាគមន៍ និងពិភាក្សាធុរកិច្ចជាមួយ លោក Zhong Hong អភិបាលរងទីក្រុងណាននីង និងគណៈប្រតិភូទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា-ចិន និងការសិក្សាដេិម្បីវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ចផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូពីទស្សនវិស័យ បេសកកម្ម និងតួនាទីស្នូលនៃសមាគមឧកញ៉ាកម្ពុជា ជាពិសេសបានរំលេចភាពជាដៃគូនៃសមាគមឧកញ៉ាកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្នុងការលេីកកម្ពស់ពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា ព្រមទាំងភាពជាតំណាងឱ្យឧកញ៉ាទាំងអស់នៅកម្ពុជាផងដែរ។ ជាកិច្ចបន្ត អ្នកឧកញ៉ាប្រធាន បានអនុញ្ញាតដល់សមាជិកអង្គប្រជុំទាំងមូលធ្វើការណែនាំខ្លួន និងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក ដោយលើកពីវិស័យអាទិភាពដែលមានសក្តានុពលនៅកម្ពុជា ជាពិសេសការធ្វេីបទបង្ហាញពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង និងកំពង់ផែទឹកជ្រៅដែលអាចទទួលនូវកប៉ាល់ខ្នាតធំចូលមកកំពង់ផែក្នុងខេត្តកោះកុង ផងដែរ។

ជាការឆ្លើយតប លោក Zhong Hong និងគណៈប្រតិភូ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូយ៉ាងកក់ក្ដៅ។ ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំនៅថ្ងៃនេះ នឹងក្លាយជាច្រកមួយដ៏សំខាន់ក្នុងការសហប្រតិបត្តិការនៅថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះលោក Zhong Hong ក៏បានបង្ហាញពីតំបន់សក្តានុពលនៃទីក្រុងណាននីងតាមរយៈវីដេអូខ្លីជូនដល់អង្គប្រជុំផងដែរ។

ក្រោយពីពិភាក្សាអស់ជិត៣ម៉ោង ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាដូចតទៅ៖

១-ការចាត់វិស័យសក្តានុពលចំនួន៣ ដើម្បីចាប់ផ្តើមការងារបន្តដូចតទៅ៖

  • វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយផ្តោតជាសំខាន់លើដំណាំកៅស៊ូ និងស្វាយចន្ទី
  • វិស័យភ័ស្តុភាកម្ម និងការដឹកជញ្ជូន និងសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាសេវាគយ
  • វិស័យកម្មន្តសាល និងការកែច្នៃសម្រាប់នាំចេញ ។

បន្ថែមពីនោះភាគីចិនក៏បានផ្តោតសំខាន់លើការប្រមូលដែកចាស់ៗ ដើម្បីកែច្នៃសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ ។

២-ការបំពេញទស្សនកិច្ចទៅវិញទៅមក

ជាមួយគ្នានេះ លោក Zhong Hong នឹងអញ្ជើញអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកសមាគមឧកញ៉ាកម្ពុជាទៅបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងរោងចក្រនៅថៃនាពេលណាមួយខាងមុខនេះព្រមទាំងនឹងអញ្ជើញវិនិយោគិនចិនដែលស្ថិតនៅក្នុងវិស័យខាងលើមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះផងដែរ។

ជាការឆ្លើយតប អ្នកឧកញ៉ាប្រធាន ក៏នឹងរៀបចំឱ្យមានដំណើរបំពេញទស្សនកិច្ចក្នុងពេលសមស្របណាមួយណាមួយនាពេលខាងមុខ។

ជាកិច្ចបញ្ចប់ អ្នកឧកញ៉ាប្រធានបានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ និងជូនពរដល់គណៈប្រតិភូទីក្រុងណាននីង សូមទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនេះ និងសូមធ្វើដំណើរវិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។