អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាដឹកនាំអង្គប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៧ អាណត្តិទី១

by | Mar 27, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៃសណ្ឋាគារភ្នំពេញ សមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៧ អាណត្តិទី១ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ អ្នកឧកញ៉ា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៩រូប រួមនឹងមេធាវីរបស់សមាគម ចំនួន២រូបផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣គឺ ៖

១. ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល, សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងអនុក្រឹត្យស្តីពីស្តង់ដារគុណវុឌ្ឍិសម្រាប់អ្នកអភវិឌ្ឍន៍អចលនទ្រព្យ។

២. ពិភាក្សាលើការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣។

៣. ពិភាក្សាពីការស្នើបញ្ចូលសមាសភាពក្រុមប្រឹក្សាភិបាលបន្ថែម, ការស្នើឱ្យមានក្រុមទីប្រឹក្សាធុរកិច្ច ព្រមទាំងពិភាក្សាពីបញ្ហានានាជុំវិញគោរមងារឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាកិច្ចផ្តើម អ្នកឧកញ៉ាប្រធាន បានស្វាគមន៍ និងថ្លែងអំណរគុណសមាជិកអង្គប្រជុំទាំងមូលដែលបានចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ជាកិច្ចបន្ត អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការបានធ្វើបទបង្ហាញជូនអង្គប្រជុំទាំងមូល ទៅតាមរបៀបវារៈដែលបានស្នើឡើង។ សមាជិកអង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់ទៅលើរបៀបវារៈទាំងនោះយ៉ាងយកចិត្តទុកដាក់ និងផុសផុល។ ជាលទ្ធផលនៃរបៀបវារៈទី១ អង្គប្រជុំបានឯកភាពឱ្យមានកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងពាក់ព័ន្ធ ដោយពិភាក្សាលម្អិតលើចំណុចសំខាន់ៗនៃច្បាប់ និងអនុក្រឹត្យខាងលើជាបន្តទៀត, របៀបវារៈទី២៖ អង្គប្រជុំបានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈនៃសន្និបាត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ, និងរបៀបវារៈផ្សេងៗ អង្គប្រជុំបានឯកភាពលើការបន្ថែមចំនួនសមាសភាពក្រុមប្រឹក្សាភិបាល និងរៀបចំឱ្យមានក្រុមទីប្រឹក្សាធុរកិច្ច ស្របតាមកំណើននៃទំហំការងារ ភាពរីកចម្រើន និងសកម្មភាពដ៏មមាញឹករបស់សមាគមក្នុងពេលបច្ចុប្បន្ន និងអនាគត។

កិច្ចប្រជុំបានបិទបញ្ចាប់នៅវេលាម៉ោង ១៨:០០នាទី ក្នុងកាលបរិច្ឆេទដដែល ដោយទទួលបានលទ្ធផលផ្លែផ្កាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។