ស្វែងយល់អំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិដែលត្រូវផ្តល់ «គោរមងារឧកញ៉ា» អនុលោមតាមព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា

by | Mar 26, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ មានឥស្សរជនជាច្រើនរូបដែលបានទទួលគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ស្របទៅតាមគុណបំណាច់ និងការចូលរួមក្នុងការអភិឌ្ឍសង្គមជាតិកម្ពុជាទាំងទៅលើសកម្មភាពមនុស្សធម៌ សេដ្ឋកិច្ច សុខាភិបាល សាសនា និងវិស័យអប់រំជាដើមពោលគឺសមិទ្ធផលទាំងអស់នោះបានបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការពិតណាស់​ យើងអាចមើលឃើញយ៉ាងច្បាស់ថា បុគ្គលដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ក្រៅពីមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយនោះ ធនធានទាំងអស់នេះក៏ត្រូវបានប្រើប្រាស់សម្រាប់ការពង្រឹងសេដ្ឋកិច្ចជាតិថែមទៀតជាក់ស្តែង ការដាក់ទុនវិនិយោគក្នុងគម្រោងតូចធំនានាស្ទើរគ្រប់វិស័យបានផ្តល់ការងាររាប់សិបកន្លែងដល់ប្រជាជនកម្ពុជា ការបង់ពន្ធជូនរដ្ឋ បូករួមទាំងការគៀងគរដៃគូវិនិយោគជាច្រើននៅបរទេសឱ្យបង្វែរគោលដៅមកប្រកបអាជីវកម្មចម្រុះនៅក្នុងប្រទេសកម្ពុជាវិញដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានលំនឹងនិងបន្តឆ្ពោះទៅមុខប្រកបដោយវិជ្ជមាន។ តើលក្ខខណ្ឌ និងគុណសម្បត្តិបែបណាខ្លះដែលអាចនាំឲ្យបុគ្គលម្នាក់ទទួលបានគោរមងារឧកញ៉ា?

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ស្តីពី គោរមងារឧកញ៉ា ដែលត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានកំណត់ថា គោរមងារឧកញ៉ា ត្រូវមាន ៣លំដាប់ថ្នាក់គឺ៖ លំដាប់ថ្នាក់ទី១ជា លោកអ្នកឧកញ៉ា, លំដាប់ថ្នាក់ទី២គឺ អ្នកឧកញ៉ា និង លំដាប់ថ្នាក់ទី៣គឺ ឧកញ៉ា ហើយអនុលោមតាមមាត្រា៨ នៃព្រះរាជក្រឹត្យនេះបានចែងថា គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយត្រូវផ្តល់ជូនរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដោយផ្អែកតាមគុណបំណាច់របស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍និងកសាងជាតិដូចជា៖ ការផ្តល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ​ សម្ភារបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម រួមទាំង របកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។ ចំពោះទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្តល់អំណោយ របកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលត្រូវផ្តល់ជូនគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់នៅក្នុងអនុក្រឹត្យស្តីពី ស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ដែលកំពុងត្រូវបានពិភាក្សា ពិនិត្យ និងតាក់តែងជាសេចក្តីព្រាងដោយគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ( គ.ព.វ.គ ) ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

មិនត្រឹមតែប៉ុណ្ណោះក្នុងព្រះរាជក្រឹត្យក៏មានកំណត់ថែមទៀតថា រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរត្រូវផ្តល់គោរមងារឧកញ៉ាលុះត្រាមានលក្ខណសម្បត្តិដូចជា៖ មានប្រវត្តិរូបច្បាស់លាស់, មានកិរិយាមារយាទល្អ, ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋណាមួយ និងត្រូវមានមុខរបរស្របច្បាប់។ ជាពិសេស ក្នុងព្រះរាជក្រឹត្យនេះក៏មានបញ្ជាក់ផងដែរថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមុខងារមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ នោងយោធិនដែលកំពុងបំពេញការងារតាមក្រសួងស្ថាប័ននានារបស់រដ្ឋលើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិឬអន្តរជាតិ។

ដើម្បីរួមចំណែកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំនិងប្រមូលផ្តុំរូបវន្តបុគ្គលដែលមានគោរមងារជាឧកញ៉ាឲ្យកាន់តែមានភាពច្បាស់លាស់ និងជាប្រយោជន៍ដល់ការពង្រឹងសេដ្ឋកិច្ចជាតិស្របទៅតាមច្បាប់កំណត់ ទើប សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនាថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២ និងមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស ព្រមទាំងមានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀតជាអនុប្រធានកិត្តិយសដូចជា សម្តេចក្រឡាហោម ស ខេង , សម្តេចពិជ័យសេនា ទៀ បាញ់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដោយមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។

គួររំលឹកថា នៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ២០២៣ សម្តេចតេជោ បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា គឺតំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃ​ដ៏ឧត្តុង្គ​ឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់ពោលគឺផ្សារភ្ជាប់រវាងសីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច ដូចដែលសុភាសិតខ្មែរបានពោលថា៖ «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹងសំប៉ាន។»  ដូចនេះ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឱ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជាហើយស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕