ថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជានឹងចូលរួមក្នុងវេទិកា Maekyung Cambodia ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ

by | Mar 26, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ នឹងដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៤០រូបអញ្ជើញចូលរួមក្នុងវេទិកា Maekyung Cambodia ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយមានកិច្ចសហការជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) និងក្រុមហ៊ុន Maekyung Media Group ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពទាក់ទាញនៃបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាដល់សហគមន៍ធុរកិច្ចមកពីសាធារណរដ្ឋកូរ៉េ។

កម្មវិធី Maekyung Cambodia នឹងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថា Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងរួមមានទាំងកាសែត ទូរទស្សន៍ ទស្សនាវដ្តីប្រចាំសប្តាហ៍ និងប្រចាំខែ ព្រមទាំងនៅលើអនឡាញដោយមានចំនួនអ្នកទស្សនាប្រមាណ១៥លាននាក់ជារៀងរាល់ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ លោកបណ្ឌិត ដេវ៉ាន ចាង (Dae-whan Chang) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Media Group) ក៏បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅវិមាន៧មករា រាជធានីភ្នំពេញផងដែរ។