ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពី  “តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នារវាងកម្ពុជានិងថៃ”

by | Mar 6, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃស្តីពី “តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នារវាងកម្ពុជានិងថៃ” ដែលបានប្រព្រឹត្តទៅនៅវិមានសន្តិភាពក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដោយមានសមាសភាពចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ។

ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍ សង្ខេបពីសាវតារនៃគំនិតផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សានៅថ្ងៃនេះ ថែមទាំងបើកវេទិការដល់អង្គប្រជុំទាំងមូលដើម្បីចូលរួមផ្ដល់ជាគំនិត ក្នុងការជជែកពិភាក្សាជាមួយនឹងភាគីប្រទេសថៃឱ្យទទួលបានផ្លែផ្កាល្អប្រសើរ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនអង្គប្រជុំទាំងមូលនូវសក្តានុពលនៃការវិនិយោគនៃសមាជិកសមាគមឧកញ៉ាកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះក៏មានការវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះដែរ។ អ្នកឧកញ៉ា បានផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួនពាក់ព័ន្ធចំនុចប្រឈមខ្វះខាត និងផ្តល់គំនិតធ្វើឱ្យប្រសើរបន្ថែមដើម្បីទាក់ទាញវិនិយោគិនចូលរួមអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេស ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា អ្នកឧកញ៉ាប្រធានសមាគម និងសមាជិកមួយចំនួនដែលបាននឹងកំពុងវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រុំជ្រែងការងារពាក់ព័ន្ធទៅនឹង “តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នារវាងកម្ពុជានិងថៃ” នេះដើម្បីចូលរួមជាធាតុផ្សំមួយយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។