ជំនួបរវាងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅញូវដេលីប្រទេសឥណ្ឌាជាមួយតំណាងសមាគមឧកញ៉ាកម្ពុជាដើម្បីផ្សព្វផ្សាយពីវិស័យដែលមានសក្តានុពលរបស់កម្ពុជាដើម្បីទាក់ទាញវិនិយោគិនឥណ្ឌាមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើន

by | Feb 24, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ញូវដេលី៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការធុរកិច្ចជាមួយ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី។ ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការគោរពជូនពរពីអ្នកឧកញ៉ាប្រធាន។

 ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតអំពីសាវតាសមាគមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូលដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ស្តីពីគោរមងារឧកញ៉ា ព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពល ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់ដែលកំពុងប្រកបជំនួញលើពហុវិស័យនៅកម្ពុជាអាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀតក្នុងវិស័យសក្តានុពលរបស់កម្ពុជាតាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនឥណ្ឌាដោយមានការជួយសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាផងដែរខណៈដែលឥណ្ឌាគឺជាប្រទេសដែលមានសក្តានុពលធំមានប្រជាជនច្រើននិងមានទំហំសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោកចំណែកឯជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា​និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ពោលគឺកាលពីឆ្នាំ២០២៣មានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារអាម៉េរិកដោយកម្ពុជានាំចូលទំនិញពីឥណ្ឌាមានចំនួន ១៩៣លានដុល្លារអាម៉េរិក ចំណែកការនាំចេញទៅឥណ្ឌាមានចំនួន ២៩៣លានដុល្លារអាម៉េរិក។

ឯកឧត្តម កុយ គួង បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានាជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់។ ឯកឧត្តមបានបន្តថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនឥណ្ឌា ជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាជាមួយដៃគូឥណ្ឌា ដែលសុទ្ធសឹងតែជាពាណិជ្ជករមានសក្តានុពលដើម្បីជាគុណប្រយោជន៍ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ លើសពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជាគឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនផងដែរនាពេលខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូតក្នុងភាពជាដៃគូផ្នែកឯកជនមួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍជាតិ និងការបង្កើតការងារជាដើម។

ជាការកត់សម្គាល់ដែរនោះ ឯកឧត្តមឯកអគ្គរាជទូតបានបន្ថែមថា ខណៈពេលនេះស្ថានទូតកម្ពុជាកំពុងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌាដើម្បីឈានទៅដល់ការសម្រេចជាស្ថាពរអំពីការភ្ជាប់ជើងហោះហើរត្រង់រវាងទឹកដីឥណ្ឌាមកកាន់ព្រះរាជាណាចក្រកម្ពុជានាអំឡុងខែមេសា ឬយ៉ាងយូរត្រឹមខែមិថុនាខាងមុខនេះដែលជាការពង្រីកសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។។

ជាកិច្ចបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតក៏បានតាំងចិត្តរួមគ្នាជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងការបន្តកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកកាលានុវត្តភាពបន្ថែមទៀតជួយដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងគ្នាដើម្បីបង្កឱ្យមានជំនួបធុរកិច្ចជាបន្តបន្ទាប់នាពេលខាងមុខទៀត។