អនុលោមតាមចក្ខុវិស័យ និងបេសកកម្មមនុស្សធម៌ដែលត្រូវបានចារឹកនៅក្នុងលក្ខន្តិកៈរបស់ខ្លួន អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំក៏ដូចជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនដើម្បីនាំយកនូវអំណោយជាថវិកា ក៏ដូចជាសម្ភារសិក្សា សម្លៀកបំពាក់ គ្រឿងឧបភោគ បរិភោគជាច្រើនមុខផ្តល់ជូនដល់ស្ថាប័នអប់រំ និងមណ្ឌលកុមារកំព្រាចំនួន ៤ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ កម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើង ២ថ្ងៃជាប់គ្នាតែម្តងដោយមានទីតាំងស្ថិតនៅតាមបណ្តាខេត្តដូចជា៖
កម្មវិធីសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជានៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ
នាថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ា ចំនួន ២៣ ដើម្បីចុះសំណេះសំណាល និងប្រគល់ថវិកាជូនសាលាអនុវិទ្យាល័យស្ទឹងជ្រៅដែលស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរួមមានថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអនុវិទ្យាល័យនេះរួមមាន ក្រាលការ៉ូឡាប្រមាណ ១១៥០ម៉ែត្រការ៉េ ក៏ដូចជាខ្សាច់ ស៊ីម៉ង់ត៍ និងព្រំការ៉ូឡាជាដើម ព្រមទាំងនាំយកនូវអំណោយជាឯកសណ្ឋានសិស្ស សម្ភារសិក្សា កង់ កាបូប និងសម្លៀកបំពាក់ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស ដែលមានចំនួនសរុបប្រមាណ ២៦០នាក់ ព្រមទាំងសៀវភៅចំនួន ៣១៥ក្បាលសម្រាប់តម្កល់ក្នុងបណ្ណាល័យ និងធ្នើចំនួន ៦ ។ ចំពោះលោកគ្រូ អ្នកគ្រូ និងគណៈទ្រទ្រង់សាលាសរុបចំនួន ៣០រូបទទួលបានកញ្ចប់ជាសម្លៀកបំពាក់ និងថវិកាក្នុងម្នាក់ៗចំនួន ១លានរៀល។ អាជ្ញាធរដែនដី និងអាណាព្យាបាលសិស្សមានចំនួន ២៨រូបទទួលបានញ្ចប់ជាសម្លៀកបំពាក់ និងថវិកាក្នុងម្នាក់ៗចំនួន ៥មុឺនរៀល។ ចំណែកសិស្សានុសិស្សចំនួន ២០០នាក់ទទួលបានកាបូបម្នាក់១ ឯកសណ្ឋានសិស្សម្នាក់ ១ឈុត, ស្បែកជើងម្នាក់ ១គូ, សម្លៀកបំពាក់ ២ឈុត, សម្ភារសិក្សាមានសៀវភៅ ប៊ិច ខ្មៅដៃ ទឹកលុប ហាយឡាយ ជាដើមព្រមទាំងថវិកាម្នាក់ៗទទួលបាន ៥មុឺនរៀល។ ដែលសរុបជាថវិកាចំនួន ៥៦.១៣៤ដុល្លារអាម៉េរិច។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំសាលាអនុវិទ្យាល័យស្ទឹងជ្រៅ តែងតែជួបប្រទះនូវការលំបាកជាច្រើនដូចជាការលិចលង់នារដូវវស្សា ការខ្វះខាតសៀវភៅអានក្នុងបណ្ណាល័យ តម្រូវការជំនួយគាំទ្រលើមធ្យោបាយធ្វើដំណើររបស់សិស្សក្រីក្រ និងសម្ភារៈសិក្សាជាដើម។ ហេតុនេះ ហើយទើប និងគណៈគ្រប់គ្រងបានស្វែងរកជំនួយផ្សេងតាមរយៈឯកឧត្តម ប៉ែន បូណា ជាមួយនឹងក្តីសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ជាការឆ្លើយតប អ្នកឧកញ៉ា លី យ៉ុងផាត់ បានទទួលយកសំណើទាំងស្រុងនិងបានសម្រេចចូលរួមឧបតម្ថម្ភជាថវិកាពីសមាគមឧកញ៉ាកម្ពុជារួមជាមួយសម្ភារជាច្រើនមុខទៀតដែលទទួលបានពីអ្នកឧកញ៉ា និងឧកញ៉ាជាថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងថា អ្នកឧកញ៉ាមានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងអាចប្រើប្រាស់ចំគោលដៅពិសេសដល់ការរៀបចំសោភ័ណភាពនៅក្នុងសាលា និងបានបំពេញតម្រូវការរបស់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងសាលាអនុវិទ្យាល័យស្ទឹងជ្រៅនេះតែម្តងដូចដែលសុភាសិតខ្មែរបានពោលថា៖ «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹងសំប៉ាន។»
កម្មវិធីសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ
នាថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានបន្តដឹកនាំ អ្នកឧកញ៉ា និង ឧកញ៉ា ចំនួន២៥រូបដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាដើម្បីចុះសំណេះសំណាល និងប្រគល់ថវិកាជូនមណ្ឌលកុមារកំព្រាចំនួន ៤ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺរួមមាន៖ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ, មណ្ឌលកុមារកំព្រាព្រៃជុំ, សហគមន៍ផ្ទះជាក្រុមរបស់យើង និងអង្គការកុមារក្តីសង្ឃឹមថ្មី។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមន្ទីរក៏ដូចជាស្ថាប័នមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា ដោយមើលឃើញពីការខ្វះខាត និងតម្រូវការជាក់ស្តែងរបស់មណ្ឌលកុមារកំព្រាទាំងបួននេះសមាគមឧកញ៉ាកម្ពុជាបានកៀរគរសប្បុរសជននានាដែលជាសមាជិករបស់សមាគមដើម្បីជួយដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ដោយអំណោយទាំងនេះមានដូចជា គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ និងសម្លៀកបំពាក់ជាដើម។
សូបញ្ជាក់ថា មណ្ឌលកុមារកំព្រាកំពង់ស្ពឺទទួលបានអង្ករ ២តោន, ទឹកត្រី ៥០យួរ, ទឹកសុីអ៊ីវ ៥០យួរ, ត្រីខ ១០កេស,សាប៊ូម្សៅ ១០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, ស្ករត្នោត ២០គីឡូក្រាម, ប្រហុក ២០គីឡូក្រាម, ប៊ីចេង ២០គីឡូក្រាម, ខ្ទឹមស ១៥គីឡូក្រាម, ខ្ទឹមក្រហម ១០គីឡូក្រាម, ប្រេងឆាចំណុះ ៦លីត្រ ១០កេស, ប្រេងខ្យងចំណុះ ៦០០មីលីលីត្រ ១០កេស, ម្សៅស៊ុបខ្នចំណុះ ៨០០ក្រាម ១០កញ្ចប់ផងដែរ។ ចំពោះមណ្ឌល ៣ផ្សេងទៀតទទួលបាន
អង្ករ ២តោន, មី ១០កេស, អំបិល ១០គីឡូក្រាម, មី ១០កេស, ត្រីខ ១០កេសធំ, ប៊ីចេង ១០កេស, សាប៊ូម្សៅ ១០០គីឡូក្រាមផងដែរ។ សម្រាប់អ្នកចូលរួមចំនួន ២៣៤នាក់ទទួលបានកាបូប សម្លៀកបំពាក់ និងថវិកាចំនួន ៥មុឺនរៀលក្នុងម្នាក់។ សរុបជាថវិកាចំនួន ៣២,៨៤៧ដុល្លារអាម៉េរិកដែលជាថវិការបស់សមាគមឧកញ៉ាកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានបន្តថា៖ «តាមរយៈអំណោយនៅថ្ងៃនេះ គឺជាការចូលរួមបរិច្ចាគរបស់សប្បុរសជននានាដែលជាសមាជិករបស់សមាគម និងថវិការបស់សមាគម ក្រោមសកម្មភាពសប្បុរសធម៌ ហើយខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងត្រូវបានប្រើប្រាស់ចំគោលដៅ និងបានបំពេញតម្រូវការរបស់ក្មួយៗ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងមណ្ឌលទាំង៤នេះ។»
ការចូលរួមបន្ថែមទៀតរបស់សប្បុរជនជាអ្នកឧកញ៉ា និងឧកញ៉ាតាមរយៈសមាគមឧកញ៉ាកម្ពុជា
នៅក្នុងសកម្មភាពសប្បុរសធម៌ទាំង ២លើកនេះ មានសប្បុរសជនជា អ្នកឧកញ៉ា និងឧកញ៉ាចំនួន ៧ រូបបានចូលរួមឧបត្ថម្ភបន្ថែមទៀតនូវថវិកា និងសម្ភារជាច្រើនដូចជា៖
១- អ្នកឧកញ៉ា លី យ៉ុងផាត់ ថវិកាចំនួន២០លានរៀល រួមនឹងម៉ាស១កេសធំ និងអាវយឺតចំនួន ៣៧០អាវ
២- អ្នកឧកញ៉ា លាង ឃុន ទឹកបរិសុទ្ធកម្ពុជា៥០០កេស និងភេសជ្ជៈ IZE ៥០០ យួរ
៣- អ្នកឧកញ៉ា លី សាំងឡេង ថវិកាចំនួន ៤លានរៀល
៤- អ្នកឧកញ៉ា តុល លន ថវិកាចំនួន ៤លានរៀល
៥- ឧកញ៉ា លឹម ជា សម្លៀកបំពាក់ចំនួន ២៤៥០ ឈុត
៦- ជំទាវឧកញ៉ា កី ម៉ានេ និងជំទាវឧកញ៉ា គួន ធីតា ថវិកាចំនួន៤លានរៀល
ដូច្នេះជារួមថវិកា និងសម្ភារទាំងអស់ត្រូវបានផ្តល់ជូនផ្ទាល់ដៃដល់អ្នកចូលរួមចំនួន ៥២២នាក់ដោយចំណាយថវិកាសរុបចំនួន ៩៦,៤៨១ដុល្លារអាម៉េរិក៕