គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមវេទិកាការទូតសេដ្ឋកិច្ច៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» នៅប្រទេសថៃ

by | Feb 17, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមវេទិកាការទូតសេដ្ឋកិច្ច ក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» នៅទីតាំងអគារ CW Tower នៃទីក្រុងបាងកកដែលត្រូវបានរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដឹកនាំដោយ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត និងសហការីមន្ត្រីស្ថានទូត។

វេទិកានេះមានភ្ញៀវកិត្តិយសចូលរួមសរុបប្រមាណ ២៣០រូបរួមមាន ឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក តំណាងអង្គការអន្តរជាតិ តំណាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជននៅប្រទេសថៃ តំណាងសមាគមមិត្តភាពថៃ-កម្ពុជា និងតំណាងសមាគមឧកញ៉ាកម្ពុជាផងដែរ។

 ជាមួយគ្នានេះ ប្រធានបទចំនួន ៤ ត្រូវបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖

ទី១៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី២៖ «ឱកាសធុរកិច្ចនៅកម្ពុជា» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ទី៣៖ «ធុរកិច្ច និងការវិនិយោគ៖ ច្បាប់ស្តីពីការវិនិយោគ(ថ្មី) និងទិដ្ឋភាពទូទៅនៃសក្តានុពលឧស្សាហកម្ម និងបរិយាកាសវិនិយោគអំណោយផលសម្រាប់ FDI ហេតុអ្វីបានជាចាំបាច់ត្រូវវិនិយោគនៅកម្ពុជា?» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។

ទី៤៖ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយសលោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។

សូមបញ្ជាក់ថា វេទិកានេះត្រូវបានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ រៀបចំឡើងដើម្បីជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងទៀតដើម្បីជំរុញផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជា ឱ្យសុះសាយគ្រប់ទិសទីក្នុងសកលលោក ក្នុងគោលដៅទាក់ទាញទេសចរបរទេស និងទុនវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ សំដៅលើកកម្ពស់កិត្យានុភាពជាតិខ្មែរ និងសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕