បាងកក៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍នាស្ថានទូតនៅទីក្រុងបាងកក។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពជូនពរពីអ្នកឧកញ៉ាប្រធាន។ ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីខ្លឹមសារ និងសារៈសំខាន់នៃសៀវភៅឧកញ៉ាកម្ពុជា ព្រមទាំងសាវតា ចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូលនានាដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជាលើគ្រប់វិស័យក្នុងនោះវិស័យកសិកម្មដែលជាវិស័យអាទិភាពមួយដ៏សំខាន់របស់កម្ពុជាផង។ តាមរយៈកិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនទៅតាមវិស័យរបស់ខ្លួន ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម កសិ-ម្ហូបអាហារ ការកែច្នៃកសិផល ការគ្រប់គ្រងនិងប្រើប្រាស់ទឹក បច្ចេកវិទ្យាព័ត៌មាន និងធនធានសក្តានុពលវិស័យពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជាជាមួយវិនិយោគិនអ៊ីស្រាអែលតាមរយៈការជួយសម្របសម្រួល និងសហការរៀបចំដោយស្ថានទូតអ៊ីស្រាអែលដោយផ្ទាល់នាពេលខាងមុខ។
លោកជំទាវ Orna Sagiv បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានារបស់សមាគមឧកញ៉ាកម្ពុជាដែលសម្រេចបានក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងគោរមវន្តទាំងអស់នៅកម្ពុជាដែលមានចែងនៅក្នុងព្រះរាជក្រឹត្យខាងលើក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាពិសេស អ្នកឧកញ៉ាប្រធាន បានបញ្ជូនគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាមកកាន់ស្ថានទូតផ្ទាល់ដើម្បីពិភាក្សាធុរកិច្ចនៅថ្ងៃនេះ។ ជាកិច្ចបន្ត លោកជំទាវ បនបង្ហាញពីសក្តានុពលក្នុងវិស័យកសិកម្ម កសិ-បច្ចេកវិទ្យា កសិ-នវានុវត្តន៍ ការគ្រប់គ្រងនិងប្រើប្រាស់ទឹក និងព័ត៌មាននិងបច្ចេកវិទ្យាព័ត៌មានដែលបាននិងកំពុងក្លាយជាវិស័យមួយដ៏លេចធ្លោរបស់អ៊ីស្រាអែលជូនដល់គណៈប្រតិភូ ជាពិសេសលោកជំទាវក៏ចង់បានដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរក្នុងចំណោមសមាជិកសមាគមតាមវិស័យដូចបានបញ្ជាក់ខាងលើ។ ជាមួយគ្នានេះដែរ លោកជំទាវនឹងខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីជាមួយសក្តានុពលវិនិយោគនៅកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនអ៊ីស្រាអែល ជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, វេទិកាធុរកិច្ច, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្មនានាដែលជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់ការផ្គូផ្គងពាណិជ្ជកម្ម រវាងកម្ពុជា និងអ៊ីស្រាអែលដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ។ លើសពីនេះ លោកជំទាវបានសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជា គឺជាច្រកមួយដ៏សំខាន់ព្រោះសមាគមគឺជាបណ្តុំវិនិយោគិនដ៏ធំ និងពិពិធកម្មវិស័យនៅកម្ពុជា និងជាដៃគូដ៏មានសក្តានុពលជាមួយអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូត ក្នុងភាពជាដៃគូពាណិជ្ជកម្ម។
ជាកិច្ចបញ្ចប់ស្ថាប័នទាំងពីរមានមហិច្ឆិតារួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀតដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរនាពេលសមស្រមណាមួយ ជាពិសេសលោកជំទាវក៏នឹងស្នើឱ្យមានដំណើរបំពេញទស្សនកិច្ច ឬបេសកកម្មធុរកិច្ចទៅវិញទៅមកក្នុងពេលណាមួយដែលអំណោយផល។