ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងអនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១០រូប បានទទួលស្វាគមន៍ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន និងគណៈប្រតិភូជាន់ខ្ពស់១២រូប នៅរាជធានីភ្នំពេញ ដើម្បីបន្តពិភាក្សាធុរកិច្ច ការវិនិយោគ និងទទួលទានអាហារថ្ងៃត្រង់រួមគ្នា។
ក្នុងនាមជាប្រធាន និងតាងនាមថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងបានជួបគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម។ អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្ខេបជូនគណៈប្រតិភូជប៉ុនអំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ដោយរំលេចពី សមាជិកសមាគមគឺជាបង្តុំវិនិយោគិន និងសហគ្រិនធំៗនៅកម្ពុជា ជាពិសេសគឺជាដៃគូវិនិយោគដែលមានគ្រប់វិស័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាទាំងមូល។
ជាការឆ្លើយតប លោក Yoshihisa Suzuki បានថ្លែងអំណរគុណ អ្នកឧកញ៉ា លី យ៉ុងផាត់ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានអញ្ជើញគណៈប្រតិភូជប៉ុនពិសាអាហារថ្ងៃត្រង់នៅថ្ងៃនេះ។ លោក Yoshihisa Suzuki បានបន្តថា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មានធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គរួមទាំងប្រទេសកម្ពុជាផងដែរ ដោយស្ថាប័ននេះគឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ដែលផ្តោតសំខាន់លើ វិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូនភាគីជប៉ុនដែរថា សមាគមឧកញ៉ាកម្ពុជាកំពុងតែបំពេញការងារយ៉ាងសកម្មក្នុងនាមជាដៃគូរាជរដ្ឋាភិបាលកម្ពុជាលើសកម្មភាព ជំរុញការវិនិយោគនិងពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា ដូចនេះ ជំនួបថ្ងៃនេះគឺពិតជាមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករកម្ពុជា-ជប៉ុន ក្នុងការបង្កើតឱកាសវិនិយោគបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការធុរកិច្ចក្នុងភាពជាដៃគូយូរអង្វែង។
ជំនួបសំណេះសំណាលនេះ បានបញ្ចប់ទៅដោយផ្លែផ្កា ខណៈដែលភាគីទាំងពីរបានកំណត់ថា នឹងបង្កើតចំណងមិត្តភាព ព្រមទាំងកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតដើម្បីបង្កើតកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសការចុះអនុស្សារណៈយោគយល់គ្នា និងការកៀរគរវិនិយោគិនសក្តានុពលបន្ថែម ព្រមទាំងបន្តការពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន។
គួររំលឹកផងដែរថា ក្នុងឱកាសចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅប្រទេសជប៉ុន ក្នុងអំឡុងខែធ្នូឆ្នាំ២០២៣ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកក្រុមប្រក្សាភិបាលសមាគម បានជួបពិភាក្សាធុរកិច្ចម្តងរួចមកហើយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ទន្ទឹមនឹងនោះដែរ តំណាងសមាគមឧកញ៉ាកម្ពុជា ក៏បានអញ្ជើញភាគីជប៉ុនមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប ភាគីជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែកុម្ភៈនេះ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា ក៏បានរៀបចំទទួលស្វាគមន៍ និងអញ្ជើញ គណៈប្រតិភូគណៈកម្មាការមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន ទទួលទានអាហារថ្ងៃត្រង់ ដើម្បីបន្តពិភាក្សាការងារធុរកិច្ច និងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ៕