កិច្ចប្រជុំលើកទី១ នៃ គ.ព.វ.គ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

by | Jan 30, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការ ដែលតំណាងឱ្យសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ( គ.ព.វ.គ ) ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។របៀបវារៈនៃកិច្ចប្រជុំលើកដំបូងគឺ ពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធាន គ.ព.វ.គ ដែលជាប្រធានអង្គប្រជុំបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំលើកទី១នេះ។

អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងផ្តល់យោបល់ដែលជាធាតុចូលដ៏សំខាន់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ដោយបានពិនិត្យលើគ្រប់ទិដ្ឋភាពក្នុងនោះមានទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែង ព្រមទាំងពិនិត្យលើឯកសារគាំទ្រផ្សេងៗជាគតិយុត្តិជាពិសេសយោងទាំងស្រុងតាមខ្លឹមសារ និងមាត្រានានានៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះកំណត់អំពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ាទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។