ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានឹងដឹកនាំថ្នាក់ដឹកនាំព្រមទាំងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាចំនួន ៥៥រូបចូលរួម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគាររ៉េស៊ីដង់ សុខា ខេត្តព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានថ្មី ថ្មី (ThmeyThmey) នាពេលកន្លងមកថា កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀតដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំងរួមទាំងជួយអ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុផងដែរ។ លោកបានបញ្ជាក់ថា កម្មវិធីគោលនយោបាយនេះមានលក្ខណៈពិសេសច្រើនជាមួយកញ្ចប់លើកទឹកចិត្តនានាសម្រាប់វិនិយោគិនទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ។
ខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូនដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិនាពេលអនាគត ជារួមខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចពិសេសពហុបំណងដ៏សំខាន់ ដែលការអភិវឌ្ឍខេត្តព្រះសីហនុ គឺស្មើនឹងការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាមួយទាំងមូល៕