ក្រុងបូកគោ៖ អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមាដើម្បីទតការដ្ឋានសាងសង់សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ។ ក្នុងឱកាសនោះក៏មានការចូលរួមរបស់ ឧកញ៉ា សាយ សុភ័ត្រា សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» នេះជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ដែលមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏ធំ និងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិតជំនាន់ សម្រាប់ជាទីសក្ការ:ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ។