នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ២០០រូបចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
ពិធីដ៏ឧត្តុងឧត្តមប្រកបដោយមហាកិត្តិយសនេះត្រូវបានរៀបចំឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាក្នុងគោលបំណងក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាថ្លៃវិសេស និងថ្វាយអំណរព្រះរាជគុណដែលព្រះអង្គបានប្រោសព្រះរាជទានគោរមងារជា អ្នកឧកញ៉ា និង ឧកញ៉ា ដល់សមាជិកសមាគមឧកញ៉ាកម្ពុជានាពេលកន្លងមក ក៏ដូចជាទូលថ្វាយនូវរបាយការណ៍អំពីវឌ្ឍនភាពនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏នឹងដឹកនាំអ្នកឧកញ៉ាជាអនុប្រធានព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាទាំង ៣២រូប ចូលក្រាបថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាបរិវេណខាងមុខព្រះរាជដំណាក់គន្ធបុប្ផាផងដែរ។
នៅក្នុងឱកាសដ៏នក្ខត្តឬក្សវិសេសវិសាលនេះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងគណៈប្រតិភូនឹងក្រាបបង្គំថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួនដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។ សូមបញ្ជាក់ថា នេះពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាលើកដំបូងបំផុតសម្រាប់សមាគមឧកញ៉ាកម្ពុជាដែលថ្នាក់ដឹកនាំរួមទាំងសមាជិកដែលមានគោរមងារជា អ្នកឧកញ៉ា និង ឧកញ៉ា រហូតដល់ទៅ ២០០រូបទទួលបាននូវព្រះបរមរាជានុញ្ញាត និងមហាកិត្តិយសចូលក្រាបថ្វាយបង្គំគាល់ក្នុងគ្រាតែមួយជាមួយគ្នាបែបនេះ។
គួររំលឹកដែរថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ និងប្រកាសជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកមានគោរមងារឧកញ៉ាជាច្រើននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងអ្នកជំនួញ ពាណិជ្ជករធំៗ និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួនទៀត។ នាពេលកន្លងមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសង្គមសំខាន់ៗដូចជា៖ បានចូលរួមជាប្រចាំជាមួយកាកបាទក្រហមកម្ពុជា, បានចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ, បានចូលរួមបរិច្ចាគថវិកាជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែ, បានចូលរួមបរិច្ចាគថវិកាក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ក៏ដូច ជាបានចូលរួមបរិច្ចាគថវិកាសាងសង់អគារពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។
ទន្ទឹមនឹងនេះ អនុលោមតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោមងារឧកញ៉ាបានបញ្ញតិ្តពីការទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាដែលបានចុះបញ្ជីស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញតួនាទីជាដៃគូរាជរដ្ឋាភិបាលលើការងារដូចខាងក្រោម៖
- ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យនេះ
- ជួយរាជរដ្ឋាភិបាលលើការប្រមូលវិភាគទានពីគោរមវន្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន
- ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា
- ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស បុព្វសិទ្ធិនានា ឬការតែងតាំងក្នុងមុខងារនានាដល់គោរមវន្តស្របមាត្រា២១ នៃព្រះរាជក្រឹត្យនេះ
- ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់សង្គម
- អមដំណើរជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេស តាមការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីសំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕