អ្នកឧកញ៉ា គង់ សាង បន្តកាន់តំណែងជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

by | Jan 15, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ អ្នកឧកញ៉ា គង់ សាង នឹងបន្តដឹកនាំក្នុងមុខតំណែងជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បន្តទៀតបន្ទាប់ពីបានទទួលសំឡេងឆ្នោតគាំទ្រច្រើនលើសលប់នៅក្នុងការបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីសម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុងពីធីសន្និបាតលើកទី១៦របស់សមាគមដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) អមដោយរដ្ឋលេខាធិការចំនួន៣រូប និងតំណាងក្រសួងពាណិជ្ជកម្ម តំណាងអង្គការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផ្សេងៗទៀត។

ក្នុងតួនាទីជាប្រធានសមាគមអាណត្តិថ្មី អ្នកឧកញ៉ា គង់ សាង បានយកឱកាសនោះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អក្នុងអាណត្តិចាស់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលសមាជិកជួបប្រទះក្នុងប្រតិបត្តិការផលិតកម្មប្រចាំថ្ងៃ ក៏ដូចជាការដាក់ចេញនិងអនុវត្តនូវផែនការ និងគោលនយោបាយជាយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍវិស័យរបស់យើង ហើយអ្នកឧកញ៉ាក៏សូមអរគុណសមាជិកទាំងអស់ដែលបន្តបោះឆ្នោតជូនគាត់ធ្វើជាប្រធាន។ អ្នកឧកញ៉ាបានបន្ថែមថា៖ “ជាមួយនឹងតួនាទីដ៏មានកិត្តិយសនេះ ខ្ញុំ និងសហការីទាំងអស់នៅក្នុងគណៈកម្មាធិការប្រតិបត្តិដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត ក៏ដូចជាបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃលេខាធិការដ្ឋាន ប្តេជ្ញាបំពេញតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកទាំងអស់ ក៏ដូចជាការអភិវឌ្ឍន៍រួមនៃវិស័យរបស់យើង”។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានវាយតម្លៃខ្ពស់ចំពោះនីតិវិធី និងការរៀបចំបោះឆ្នោតប្រកបដោយតម្លាភាព និងសម្តែងនូវក្តីអបអរសាទរចំពោះអ្នកឧកញ៉ា គង់ សាង ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រជាប្រធានសមាគម ក៏ដូចជាបេក្ខជន២៥រូបផ្សេងទៀតជា អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្រាប់អាណត្តិថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរនូវកិច្ចសហប្រតិបត្តិការរបស់ក្រសួង និងសមាគមកន្លងមកលើវិស័យការងារ ហើយបានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃស្ថាប័នទាំងពីរ និងគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ដើម្បីឱ្យមានតម្លាភាពសម្រាប់វិនិយោគិន ក៏ដូចជាបងប្អូនកម្មករកម្មការិនី។

គួរបញ្ជាក់ថា អ្នកឧកញ៉ា គង់ សាង គឺជាពាណិជ្ជករជើងចាស់មួយរូបដែលមានបទពិសោធន៍ដោយបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរឆ្នាំ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេស ជាពិសេសក្រណាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នាចុងឆ្នាំ១៩៩៦ លោកនិងដៃគូធុរជនចិនតៃវ៉ាន់បានបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជា ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ព្រមទាំងជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) ផងដែរ។ ក្នុងអាជីពជាអ្នកវិនិយោគ លោកត្រូវបានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ អ្នកឧកញ៉ា បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕