ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូ ស.ឧ.ក. ក្នុងបេសកកម្ម «គោះទ្វារវិនិយោគ» នៅប្រទេសចិន

by | Jan 6, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ចិន)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងមានការចូលរួមអមដំណើរពីគណៈប្រតិភូជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ព្រមទាំងអ្នកឧកញ៉ា វិញ ហ៊ួរ អ្នកឧកញ៉ា ឡាវ កាង និងអ្នកឧកញ៉ា ទី ពិសិដ្ឋ បានបំពេញទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន រយៈប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ ត្រូវបានដាក់ឈ្មោះថា «គោះទ្វារវិនិយោគ» ពោលជាដំណើរទស្សនកិច្ចមួយដើម្បីបញ្ចុះបញ្ចូល និងអូសទាញអ្នកវិនិយោគនៅក្រុងឈីងតាវ ឱ្យមកវិនិយោគនៅកម្ពុជា ។

បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន, នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានអញ្ជើញចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឈមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group ដឹកនាំ ដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun និងមានការចូលរួមពី លោក Li Yongsen អគ្គនាយករងនៃគណៈកម្មការទំនាក់ទំនងការ បរទេស ខេត្តសានដុង និងលោក Li Xingwei លេខាបក្ស នៃសកលវិទ្យាល័យឈីងតាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Qingdao University of Science and Technology)។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយ រាជ រដ្ឋា ភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាង សង់ សួន ឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុន ចូល មកវិនិយោគការផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ លោកឧបនាយក រដ្ឋ មន្ត្រី បានលើកបង្ហាញអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើក ទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើនជានៅកម្ពុជា ដែលនេះស្រមទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ -២០២ ៥ ការខិតខំឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានច្ចេកទេសខ្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការខិតខំប្រឹង ប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចម្រើនបាន ក្នុងរង្វង់៧ភាគរយមុនពេលកើតមានជំងឺកូវីដ១៩, ៥,៣ភាគរយក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង៦,៣ភាគរយក្នុងឆ្នាំ២០២៤។ បន្ថែមពីលើនេះកម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ ជាង៦០ភាគរយ ដែលកត្តាធនធានមនុស្សនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចំពោះហេដ្ឋារចនាសម្ព័នកម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រទេសមានផ្លូវតភ្ជាប់ទៅប្រទេសជិតខាងផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។

លើសពីនេះ រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ដោយក្នុងនោះមានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជាហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោង វិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងខេត្តស្វាយរៀងប្រទេសកម្ពុជាជាមួយទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិកលើផ្ទៃដីប្រមាណ ១២០ហិចតា និងមានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាម៉េរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ ២ពាន់កន្លែង។ មជ្ឈមណ្ឌលកៅស៊ូជាតិគឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន៕