កម្ពុជា មានអង្គភាពសេដ្ឋកិច្ចសរុបជាង ៧សែនសហគ្រាស និងមានភាពជាម្ចាស់តំណាងជាស្ត្រីប្រមាណ ៦៩,១%

by | Dec 26, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣.៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥.១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្មមាន ៩៣%។

ក្នុងរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើនគឺមានម្ចាស់ជាជនជាតិកម្ពុជាដែលមានប្រមាណ ៩៩,១% នៃអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់ពោលគឺប្រមាណ ៧៤៧.០១០ សហគ្រាស។ អង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់ជាជនជាតិចិនមានចំនួន ២.៦០៨ សហគ្រាស (០,៣%) ម្ចាស់ជាជនជាតិវៀតណាមមាន ១.៥៨១ សហគ្រាស (០,២%) ម្ចាស់ជាជនជាតិអាស៊ី​ផ្សេងទៀតមាន ១.១៩៨សហគ្រាស (០,២%) និងជនជាតិកូរ៉េខាងត្បូងមាន ៤៣៩សហគ្រាស (០,១%)។ ជាកត់សម្គាល់ដែរនោះគឺ ផ្អែកលើលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនេះឃើញថា អង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមានអត្រាកំណើនខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងចន្លោះរវាងឆ្នាំ២០១១ និង២០២២ ជាមួយនឹងចំនួនប្រមាណ ៧៧.០៧៣សហគ្រាស។ មួយវិញទៀត អង្គភាពសេដ្ឋកិច្ចថ្មីមាន ២៤១.៨២១សហគ្រាសដែលបានចាប់ផ្តើមនៅចន្លោះរវាងនៅថ្ងៃទៅ១ ខែមករា ឆ្នាំ២០២០ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ ដូចនេះ អង្គភាពសេដ្ឋកិច្ចថ្មីមានប្រមាណ ៣២,១% នៃអង្គភាពសេដ្ឋកិច្ចសរុប ហើយភាគច្រើនបានកើតមានឡើងនៅក្នុងខែមករា ឆ្នាំ២០២០ ឬនៅក្នុងកំឡុងពេលដែលប្រទេសកម្ពុជាបានទទួលរងការរាតត្បាតនៃវីរុសកូវីដ ១៩។ ជាមួយគ្នានេះ ចំណូលពីការលក់ប្រចាំឆ្នាំដែលបានរួមបញ្ចូលគ្នានៃអង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានប្រមាណ ៥១ប៊ីលានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើឡើងដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀតដោយហេតុថាទិន្នន័យ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជាផែនទី និងត្រីវិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច។ ដូចនេះ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។