គណៈប្រតិភូ ស.ឧ.ក បំពេញទស្សនកិច្ចនិងជួបប្រជុំធុរកិច្ចជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (JCCI)

by | Dec 19, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

តូក្យូ៖ នារសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសហការីអ្នកឧកញ៉ា ហាន់ ឃាង លោកជំទាវអ្នកឧកញ៉ា អ៊ាន អេឡែន និងអគ្គលេខាធិការសមាគម អ្នកឧកញ៉ា ហ៊ុន ឡាក់ បានអញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ( Japan Chamber Commerce and Industry -JCCI ) នៅទីក្រុងតូក្យូ។

 

នេះជាជំនួបធុរកិច្ចលើកដំបូងរវាង ស.ឧ.ក – JCCI ដោយមានតំណាងជាអនុប្រធាននៃ ស.ឧ.ក និងថ្នាក់ដឹកនាំក៏ដូចជាតំណាងក្រុមហ៊ុនធំៗចំនួន៧ របស់ជប៉ុន បានចូលរួមជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ថែមទាំងបានសិក្សាស្វែងយល់អំពីសមាគមឧកញ៉ាកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលអនាគត ខណៈដែលសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI) ដែលជាស្ថាប័នឯកជនមានក្រុមហ៊ុនជាង ១លាន៥សែន ជាសមាជិក។

ជាកិច្ចចាប់ផ្តើម លោក Kazuto Sasaki អគ្គលេខាធិការនៃគណៈកម្មាធិការទុរកិច្ច និងសហប្រតិបត្តិការ ជប៉ុន-មេគង្គ ( Japan-Mekong Business Cooperation Committee ) បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃសមាគមឧកញ៉កម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ច ដែលជាការចាប់ផ្តើមដ៏វិជ្ជមាននៃទំនាក់ទំនងរវាងស្ថាប័នឯកជនទាំងពីរ សំដៅដល់ការទាក់ទាញដៃគូវិនិយោគនិងជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនថែមទៀត។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានជម្រាបជូនភាគីជប៉ុនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាមួយនឹងទស្សនវិស័យក៏ដូចជាបេសកកម្មចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពនិងរួមចំណែកលើសកម្មភាពមនុស្សធម៌ សង្គមកិច្ច ដើម្បីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានមានប្រសាសន៍អញ្ជើញថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មជប៉ុនដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជាវិញក្នុងគោលបំណងទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឯកជនទាំងពីរជាពិសេសចក្ខុវិស័យលើការវិនិយោគ និងសកម្មភាពធុរកិច្ចជាមួយគ្នាទៅវិញទៅមក។