(ភ្នំពេញ)៖ យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២៣ កម្ពុជា បាននាំចេញទំនិញមានតម្លៃសរុប ប្រមាណ ១.០៦ ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះតិចតួច ០.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកម្ពុជាបាននាំចូលទំនិញពីប្រទេសជប៉ុនប្រមាណ ៥៧៣ លានដុល្លារដោយធ្លាក់ចុះ ១៩.៣ភាគរយធៀបនឹងឆ្នាំមុន។
សូមបញ្ជាក់ថា កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រជប៉ុនដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យឌីជីថល ធនាគារ និងថាមពលផងដែរ។ គួរបញ្ជាក់ថា ប្រទេសជប៉ុន ជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសថៃ។
ដោយ៖ AKP