ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មឌូបៃ

by | Dec 9, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា លី ហួរ និងអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះកម្ពុជាមានសក្តានុពលជាច្រើនក្នុងការទាក់ទាញវិនិយោគិនបរទេស ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកក​ម្ពស់គុណភាពនៃកម្លាំងពលកម្មក៏ដូចជាការរៀបចំលិខិតបទដ្ឋានគិតយុត្តិនានាស្តីពីការវិនិយោគជាដើម។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ដែរថា បេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរវាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជូនផ្នែកឯកជន ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសហការយ៉ាងជិតស្និតជាមួយសមាគមឧកញ៉ាកម្ពុជាដែលជាតួអង្គវិនិយោគិនផ្ទាល់ផងដែរ។

ក្នុងឱកាសនៃជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan Al Marri បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពវិនិយោគធ្លាប់បានអនុវត្តកន្លងមកក្នុងតំបន់ ដោយក្នុងនោះសភាពាណិជ្ជកម្មឌូបៃដើរតួរនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម។ លោក Marwan Al Marri បានសង្កត់ធ្ងន់លើទស្សនវិស័យវិជ្ជមាននៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ។

ទន្ទឹងនឹងនេះ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា សមាគមឧកញ៉ាកម្ពុជាកំពុងតែបំពេញសកម្មភាពយ៉ាងសកម្មភាព និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ខណៈដែលសមាជិកទាំងអស់របស់សមាគមសុទ្ធតែជាពាណិជ្ជករដែលកំពុងដឹកនាំអាជីវកម្មធំៗជាច្រើនដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ អ្នកឧកញ៉ា បានបញ្ជាក់ដែរថា កម្ពុជាមានផលិតផលជាច្រើនដើម្បីបំពេញតម្រូវការរបស់ភាគីឌូបៃ ហេតុនេះ អ្នកឧកញ៉ា មានក្តីរំពឹងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងថែមទៀតដូចជាការបើកការហោះហើរដោយត្រង់រវាងឌូបៃ-កម្ពុជា ការបញ្ជាទិញផលិតផលពីកម្ពុជា ​និងការគៀងគរវិនិយោគិនឌូបៃមកកម្ពុជាជាដើម។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីររំពឹងថាក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រោងនឹងរៀបចំឱ្យមានវេទិការរវាងផ្នែកឯកជន ដែលនាំឱ្យវិនិយោគិន និងផ្នែកឯកជននៃប្រទេសទាំងពីរអាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម។