(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីកដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។
ទន្ទឹងនេះនេះ សម្តេចធិបតី បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា ខណៈដែលភាគីជប៉ុនបានប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ៕