(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា អ៊ឹង សែ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ព្រមទាំងជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DataStax ស្ដីពី «អានុភាពប្រទេសកម្ពុជាជាមួយបច្ចេកវិទ្យា Generative AI» ដើម្បីប្រើប្រាស់សម្រាប់អភិវឌ្ឍន៍គេហទំព័រ (Website) និងកម្មវិធី (application) របស់ក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនដើម្បីស្របទៅតាមឧស្សាហកម្ម ៤.០ ដែលជាតម្រូវការរបស់បុគ្គលិកក៏ដូចជាអតិថិជននៅពេលបច្ចុប្បន្ន និងពេលអនាគត។
ភាពជាដៃគូនេះ មានគោលបំណងគាំទ្រដល់ការកើនឡើងនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស និងជួយបង្កើតកម្មវិធីគ្រប់គ្រងដែលអាចជួយរៀបចំ ទិន្នន័យទាំងអស់របស់ក្រុមហ៊ុន និងបង្កើតទៅជាប្រព័ន្ធឆ្លាតវៃមួយដែលអាចប្រើប្រាស់បានទាំងពេលបច្ចុប្បន្ន និងអនាគតតាមរយៈ Generative AI Applications។ ជាមួយនឹងកិច្ចសហការនេះ ក្រុមហ៊ុន DataStax និង ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ កំពុងធ្វើឲ្យអាជីវកម្មនៅកម្ពុជាផ្លាស់ប្តូរមកជាឌីជីថល ដើម្បីជួយដល់ស្ថាប័នក្នុងស្រុក ក្នុងការកសាងកម្មវិធីដែលអាចធ្វើមាត្រដ្ឋានបាន និងឆ្លាតវៃ ដែលត្រៀមខ្លួនជាស្រេចនាពេលអនាគត និង បំពេញតម្រូវការដែលកំពុងវិវត្តនៃអាជីវកម្មក្នុងស្រុក។ វាជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់ DataStax ក្នុងការផ្តល់ដំណោះស្រាយដែលផ្តល់អានុភាពនៅកម្ពុជាដើម្បីរីកចម្រើនក្នុងសម័យកាលឌីជីថលដែលកាន់តែច្រើនឡើងៗ។
ភាពជាដៃគូនេះ ក៏ជាផ្នែកមួយនៃការពង្រីកទីផ្សាររបស់ DataStax និង បន្តការប្តេជ្ញាចិត្តចំពោះASEAN ។ វត្តមានបច្ចុប្បន្ន របស់ DataStax នៅក្នុងតំបន់ រួមមានសិង្ហបុរីដែលជាទីស្នាក់ការកណ្តាល ដូចជា ថៃ ឥណ្ឌូនេស៊ី និង វៀតណាមផងដែរ។ សូមជម្រាបថា សហគ្រាសធំៗនៅលើពិភពលោក រួមមាន Audi, Bud Financial, Capital One, SkyPoint Cloud, Verizon, VerSe Innovation និងជាច្រើនទៀតដោយពឹងផ្អែកទៅលើ DataStax ដើម្បីផ្តល់ជូន AI ឱ្យបាន Real-Time ។
សូមបញ្ជាក់ដែរថា អ្នកឧកញ៉ា អ៊ឹង សែ ដែលជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជាគឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ដែលជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះហើយត្រូវបានបង្កើតឡើងរួមគ្នាជាមួយភរិយារបស់លោកគឺ លោកជំទាវអ្នកឧកញ៉ា តាំង វួចឡាយ ដែលជាសមាជិកទ្រទ្រង់មួយរូបនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាទាំងពីរ ក៏ជាស្ថាបនិក និងអភិបាលនៃក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា ដែលរោងចក្រផលិតទុយោដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយសម្រាប់សង្វាក់ផលិតកម្មដើរដោយប្រព័ន្ធម៉ាស៊ីនឆ្លាតវៃស្វ័យប្រវត្តិ ដែលប្រើប្រាស់កំលំាងពលកម្មតិចឈានមុខគេហើយដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ Fresh News និង PTC Computer