១១ខែក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៤២០.៨១លានដុល្លារអាម៉េរិក និងនាំចេញស្រូវបានជាង ១.១០០លានដុល្លារអាម៉េរិក

by | Dec 5, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៥៩៥ពាន់តោន គិតជាទឹកប្រាក់ ៤២០.៨១លានដុល្លារអាម៉េរិក ខណៈនាំចេញស្រូវជិត ៤លានតោន គិតជាទឹកប្រាក់ជាង ១.១០០លានដុល្លារអាម៉េរិកពោលគឺកម្ពុជាសម្រេចបាន ៨៥% នៃផែនការ ៧០០ពាន់តោន។ នេះបើតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៥,៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះប្រទេសចិន និងតំបន់រដ្ឋបាលស្វ័យតបានចំនួន ១៩៨,៧៦១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១២៨ លានដុល្លារ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេសបានចំនួន ២៤០,៧៥១ តោនគិតជាទឹកប្រាក់បានចំនួន ១៧១.៩០ លានដុល្លារ និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៦ ប្រទេសបានបរិមាណចំនួន ៧៦,៥១៤ តោន គិតជាទឹកប្រាក់ចំនួន ៥០.៣៦ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ..។ល។ ចំនួន ២៦ ប្រទេសបានចំនួន ៧៩,៦០៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧០.៥៤ លានដុល្លារ។ សម្រាប់ការនាំចេញនេះ ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២០% អង្ករស ចំនួន ១៣.១៣% អង្ករចំហ៊ុយ ៣.០៤ % អង្ករសរីរាង្គចំនួន ១.៦១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៩២៦ ៥៦៦ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១៥៦.៧០ លានដុល្លារ ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕