(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មីនឹងធ្វើដំណើរទៅខេត្តព្រៃវែងនៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ ដើម្បីត្រៀមប្រកួតបាល់ទាត់ជាមួយនឹងក្រុម ស.ស.យ.ក ខេត្តព្រៃវែង ក្នុងគោលបំណងប្រមូលមូលនិធិមនុស្សធម៌ជួយដល់កុមារកំព្រានៅមណ្ឌលខេត្តព្រៃវែង ក៏ដូចជាដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៥នៃថ្ងៃកំណើត ស.ស.យ.កផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាក៏បានប្រកាសឧបត្ថម្ភបន្ថែម ១ម៉ឺនដុល្លារជូនមណ្ឌលកុមារកំព្រាខេត្តព្រៃវែង។ សូមជម្រាបថា កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះនឹងមានវត្តមានអញ្ជើញជាធិបតីពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដោយថ្នាក់ដឹកនាំខេត្តព្រៃវែងជាច្រើនរូបទៀត។
គួររំលឹកថា នេះជាលើកទី៤ ហើយដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្តល់ការឧបត្ថម្ភដល់ក្រុមបាល់ទាល់ផ្ការីគ្រប់រដូវ ដែលក្នុងនោះរួមមាន៖
លើកទី១៖ គឺការប្រកួតនៅខេត្តបាត់ដំបងដែល ខ្មែរ ប៊ែវើរីជីស បានយក Helicopter និងឡានទំនើប Rolls-Royce ២គ្រឿងដឹកកីឡាករទៅចូលរួមប្រកួតដើម្បីប្រមូលមូលនិធិទៅបរិច្ចាគដល់មន្ទីរពេទ្យគុន្ធបុប្ផាចូលរួមជាចំណែកជួយកុមារនៅកម្ពុជា
លើកទី២៖ គឺការប្រកួតនៅខេត្តកំពង់ស្ពឺដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគុន្ធបុប្ផាហយ ខ្មែរ ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ចូលទៅកាន់មូលនិធិគុន្ធបុប្ផា
លើកទី៣៖ គឺការប្រកួតនៅភ្នំពេញដើម្បីប្រមូលថវិការជូនអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺហើយ ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភថវិកាបន្ថែម ៨៨៨៨ដុល្លារ។
ក្រោយមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើការប្រកាសម្តងទៀត ដោយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលរាប់រងថ្លៃព្យាបាលទាំងអស់ជូនអតីតកីឡាករបាល់ទាត់ ហួត សុគន្ធា ហើយចំពោះលើកនេះវិញ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែដែលជាសកម្មភាពនៃការជួយប្រជាជនដែលត្រូវការជំនួយពិតប្រាកដនៅកម្ពុជា។ តាមរូបភាពទាំងនេះពិតបានឆ្លុះបញ្ចាំង ពីគោលតម្លៃរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលចង់ឲ្យសង្គមមានការរីកចម្រើន និងមានការប្រសើរជាងមុន៕