ពលរដ្ឋកម្ពុជាអាចទូទាត់ប្រាក់រៀលតាម KHQR ជាមួយអាជីវករដែលប្រើ AliPay ចំនួន ៨៣លាននៅទូទាំងពិភពលោក

by | Nov 23, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន AliPay Connect Pte. Ltd. បានចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត” ដែលចុះហត្ថលេខាដោយផ្ទាល់ដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group កាលពីព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

អនុស្សរណៈយោគយល់នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយ អាជីវករដែលមាន ប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករនៅទូទាំងសកលលោក។ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួររំលឹកថា អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ។

ក្រៅពីកិច្ចសហប្រតិបត្តិជាមួយAlipay ធនាគារជាតិនៃកម្ពុជាកាលពីអំឡុងខែកក្តដា ឆ្នាំ២០២៣ ក៏បានចុះអនុស្សារណៈជាមួយប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិUnion Pay របស់ចិន។ លើសពីនេះ ប្រព័ន្ធទូទាត់KHQRរបស់បាគងក៏កំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម ខណៈប្រព័ន្ធទូទាត់ប្រាក់របស់បាគងនេះទៀតសោធត្រៀមនឹងដំណើរការនៅក្នុងប្រទេសឥណ្ឌា រួមនឹងប្រទេសជប៉ុនផង។ ចំណែកប្រព័ន្ធទូទាត់ប្រាក់Alipayវិញ កំពុងដំណើរការនៅលើទីផ្សារជាង៥៧ ក្នុងនោះក៏មានក្នុងបណ្តាប្រទេសធំៗមួយចំនួនដូចជា៖ ចិន សិង្ហបុរី ម៉ាឡេស៊ី ថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។ បើតាមយោងតាមរបាយការណ៍ចេញផ្សាយពីធនាគារជាតិ គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធបាគងគឺមានចំនួន៣៥.៤លានប្រតិបត្តិការទូទាត់ និងគិតជាទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារ៕