(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា ២០ សែនដុល្លារអាម៉េរិកជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ និងជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈសកម្មភាពផ្សេងៗ។ សូមបញ្ជាក់ថា នេះជាឧបត្ថម្ភក្នុងឆ្នាំទី២នៃ MOU រវាងក្រុមហ៊ុន ជីប ម៉ុង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែលមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដោយក្នុង១ឆ្នាំក្រុមហ៊ុន ជីប ម៉ុង ធ្វើការប្រគល់ថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនដុល្លារពោលគឺសរុបក្នុងរយៈពេល៥ឆ្នាំមានចំនួន ១លានដុល្លារសហរដ្ឋអាម៉េរិក។
នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមចំណែក និងជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកន្លងមក។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានដំណើរការ១១ ឆ្នាំ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាជិកសរុបចំនួនជាង៨ពាន់នាក់។ លោកជំទាវបណ្ឌិត បញ្ជាក់ថា ក្នុងភារកិច្ចរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ តែងតែរៀបចំសកម្មភាពកាន់តែច្រើនជាងមុនដោយផ្អែកលើចំនួននៃសមាជិកដែលកើនឡើង ក្នុងគោលដៅប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ។
ជាមួយគ្នា អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈសកម្មភាពផ្សេងៗ ជាក់ស្តែងការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃនេះជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ៕