សម្តេចធិបតី រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះនិងបន្តកើនឡើង ៦,៦%នៅឆ្នាំ២០២៤

by | Nov 23, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន” ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយនៅឆ្នាំ២០២៣នេះនិងបន្តកើនឡើង ៦,៦ភាគរយនៅឆ្នាំ២០២៤ខាងមុខ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាព និងការអនុវត្តវិធានការគន្លឹះ ព្រមទាំងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញនាពេលកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ កម្ពុជារំពឹងថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើងលឿនបន្ថែមទៀតរហូត ៦,៦ភាគរយ នៅឆ្នាំ២០២៤។»

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ ដោយសម្តេចបញ្ជាក់ថា៖ “ប្រាកដណាស់ថាទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង”៕