កម្ពុជា-ចិន សម្រេចបានកិច្ចព្រមព្រៀងជំរុញប្រសិទ្ធភាពប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ

by | Nov 23, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ គឺ ១. កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ២. ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ និងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំងពីរ។ អនុស្សរណៈយោគយល់នេះមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា។

សូមរំលឹកដែរថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន AliPay Connect Pte. Ltd. បានចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត” ដែលចុះហត្ថលេខាដោយផ្ទាល់ដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group កាលពីព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

អនុស្សរណៈយោគយល់នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយ អាជីវករដែលមាន ប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករនៅទូទាំងសកលលោក។ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។ គួររំលឹកថា អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ៕