(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា និងសមាគមជប៉ុន-កម្ពុជា ឬ Japan-Cambodia Association (JCA) បានសហការគ្នារៀបចំឡើងនូវជំនួបធុរកិច្ចមួយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យពាណិជ្ជករជាវិនិយោគិនជប៉ុនជិត៣០ក្រុមហ៊ុនបានជួបជាមួយម្ចាស់អាជីវកម្មកម្ពុជាដើម្បីពិភាក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះក៏ជាជំនួបធុរកិច្ចលើកទី៣ហើយដោយកាលពីលើកទី១បានធ្វើឡើងឆ្នាំ២០១៩ និងលើកទី២នាឆ្នាំ២០២២។ ជំនួបនេះមានការចូលរួមពីធុរជនមកពីវិស័យពាណិជ្ជកម្មចម្រុះមានប្រមាណ ៦០ក្រុមហ៊ុនរួមមាន សហគ្រាសធុនតូច និងមធ្យម, ឧស្សាហកម្ម, អ្នកបច្ចេកទេសជួសជុល និងថែទាំយានយន្ត, សាលាកែសម្ផស្ស, បច្ចេកវិទ្យាព័ត៌មាន, អ្នកទីផ្សារ និងអ្នកផ្សព្វផ្សាយការលក់, វេជ្ជសាស្ត្រ, កសិកម្ម, អចលនទ្រព្យ, ហិរញ្ញវត្ថុ, ទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។
កម្មវិធីជំនួបធុរកិច្ចនេះ ក៏ជាវេទិកាមួយ ដើម្បីផ្លាស់ប្តូរចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកទេស និងការច្នៃប្រឌិតសំខាន់ៗ សម្រាប់ភាពជោគជ័យនៃអាជីវកម្ម ហើយវានឹងបើកឱកាសសម្រាប់អ្នកវិនិយោគកម្ពុជា និងជប៉ុន ណែនាំគ្នាទៅវិញទៅមក។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំនៃជំនួបផ្គូរផ្គងធុរកិច្ចនេះមានក្រុមហ៊ុនជប៉ុនជាច្រើនបានសម្រេចបោះទុនបង្កើតអាជីវកម្មដោយផ្ទាល់នៅកម្ពុជាខណៈក្រុមហ៊ុនចំនួនទៀតបានចាប់ដៃគូជាមួយក្រុមហ៊ុនវិនិយោគក្នុងស្រុក។ លើសពីនេះ សមាគមជប៉ុន-កម្ពុជា ក៏គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជានាពេលឆាប់ៗនេះដើម្បីសម្រួលដល់ការងារវិនិយោគ និងពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសទាំងពីរផងដែរ។
ជាការកត់សម្គាល់ ប្រទេសកម្ពុជាមានភាពអំណោយផលដល់ការវិនិយោគលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ, សំណង់, អចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, រោងចក្រ, និងកសិកម្ម ជាដើម។ កម្ពុជាមានធនធានមនុស្សវ័យក្មេងច្រើន ជាមួយនឹងតម្លៃពលកម្មប្រកួតប្រជែងជាមួយប្រទេសដទៃក្នុងតំបន់។ កម្លាំងពលកម្មថាមវន្ត និងវ័យក្មេង (ជាង ៦៧% នៃចំនួនប្រជាជនសរុប ដែលមានអាយុក្រោម ៣០ឆ្នាំ) ជាមួយនឹងប្រាក់ឈ្នួលប្រកួតប្រជែង។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៥របស់កម្ពុជា បន្ទាប់ពី ចិន អាមេរិក វៀតណាម និងថៃ។ ពោលក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ១៥០០លានដុល្លារអាម៉េរិក ដោយក្នុងនោះកម្ពុជាបាននាំទំនិញទៅទីផ្សារប្រទេសជប៉ុនចំនួន ៩៧៥លានដុល្លារ និងនាំចូលវិញជិត ៥៣០លានដុល្លារ៕