ផលិតផលកសិកម្មកំពុងមានសក្តានុពល ៥មុខបន្ថែមទៀតទទួលបានយន្តការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

by | Nov 14, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នាវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ថែមផលិតផលកសិកម្មចំនួន ៥មុខដែលកំពុងមានសក្តានុពលដើម្បីទទួលបានយន្តការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

សម្តេចបានថ្លែងថា ផលិតផលកសិកម្មទាំង ៥មុខដែលកំពុងមានសក្តានុពលគឺ៖ មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នានឹងប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តចំពោះសហគ្រាសសហគ្រាសដាំដុះ, ផលិត និងផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញផលិតផលកសិកម្ម ស្រូវ, អង្ករ, ពោត, សណ្តែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាឱ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់ និងបន្តលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ២ឆ្នាំពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើននៅក្នុងគោលដៅគាំទ្រនិងជំរុញឱ្យការអនុវត្តក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។

គួររំលឹកថា ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៨កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មចំនួន ៨មុខ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជារួមផលិតផលកសិកម្មទាំង ៨មុខខាងលើនេះ ទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គល មិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវា ឲ្យដល់សហគ្រាសទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា នៅក្នុងករណីបា​នកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕