សម្តេចធិបតីប្រកាសពីយន្តការទាំង ៤ ដល់ជនបរទេសលើការទិញនិងកាន់កាប់អចលនទ្រព្យនៅកម្ពុជា

by | Nov 13, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នាវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីការមិនអនុញ្ញាតឱ្យជនបរទេសទាំងជារូបវន្តបុគ្គល និងនីតិបុគ្គលអាចក្លាយជាកម្មសិទ្ធិករលើដីធ្លីនៅកម្ពុជាបាននោះទេដោយហេតុថាសកម្មភាពទាំងនេះមានការផ្ទុយពីការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិតយុត្តិពាក់ព័ន្ធនានា។

យ៉ាងណាក៏ដោយ សម្តេចធិបតីបានលើកឡើងថា បន្ទាប់ពីបានធ្វើការសិក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្តិដែលមានស្រាប់ ឃើញថា កម្ពុជាក៏មានយន្តការដែលផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យដោយមានសិទ្ធិស្ទើរតែដូចគ្នានឹងកម្មសិទ្ធករដែរតាមរយៈយន្តការទាំង ៣ដូចខាងក្រោម៖

ទី១៖ យន្តការតាមរយៈតំណាងជាជនជាតិខ្មែរ៖ យន្តការនេះអនុញ្ញាតឱ្យជនបរទេសអាចទិញដីធ្លីបាននៅកម្ពុជាបានតាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើបណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជានជនជាតិខ្មែរហើយដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាជាមួយអ្នកតំណាងរបស់ខ្លួន។

ទី២៖ យន្តការតាមរយៈក្រុមហ៊ុនបរធនបាល (Trust Company)៖ យោងតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បានចែងថា ជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាលដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ ពោលគឺជនបរទេសអាចទិញទ្រព្យសម្បត្តិដោយមានក្រុមហ៊ុនបរធនបាលដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិទាំងនេះ ប៉ុន្តែក្រុមហ៊ុននោះគ្មានសិទ្ធិយកទៅលក់បន្តឡើយ ដរាបណាមិនមានការយល់ព្រមពីជនបរទេសដែលជាម្ចាស់ទ្រព្យ។

ទី៣៖ យន្តការវិនិយោគតំបន់ទេសចរណ៏ពិសិដ្ឋ៖ ដែលក្នុងនោះ ម្ចាស់តំបន់, ដៃគូតំបន់ ឬទេសចរពិសេស អាចទទួលបានការលើកទឹកចិត្តដូចជា៖ អាចទទួលបានទិដ្ឋាការចេញចូលកម្ពុជាច្រើនដង ឬការលើកលែងទិដ្ឋាការ និងស្នាក់នៅរយៈពេលយូរ ស្របតាមច្បាប់កំណត់ ឬអាចប្រើប្រាស់បណ្ណអនុញ្ញាតចេញចូលពិសេសពីរាជរដ្ឋាភិបាល ។ ពួកគេក៏អាចទទួលបានសិទ្ធកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់អាស្រ័យផលលើអចលទ្រព្យនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋបាន។ យោងតាមអនុក្រឹត្យលេខ ៤០ អនក្រៈបកស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋបានកំណត់ថា តំបន់ទេសចរណ៍ពិសិដ្ឋសំដៅលើតំបន់ដែលមានសក្តានុពលទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលនិងប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗ មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា មានផែនការមេអភិវឌ្ឍន៍ត្រឹមត្រូវ មានម្ចាស់តំបន់ ឬដៃគូតំបន់ចូលរួមការអភិវឌ្ឍ និងមានទំហំចាប់ពី១០០ហិកតាឡើងទៅ។

ទី៤៖ យន្តការជួលរយៈពេលវែង៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាបានសម្រេចជំរុញការអនុវត្តយន្តការមួយទៀតគឺ «យន្តការសិទ្ធិជួលរយៈពេលវែង» ជាពិសេសនៅក្នុងបុរីដោយជនបរទេសអាចចុះកិច្ចសន្យាជួលនូវអចលនទ្រព្យក្នុងរយៈពេលចាប់ពី ១៥ឆ្នាំដល់៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀតដោយទទួលបាននូវសិទ្ធិប្រត្យក្សស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែររួមមានសិទ្ធិប្រើប្រាស់, សិទ្ធអាស្រ័យផល, សិទ្ធិផ្ទេរតាមរយៈអំណោយ, ការដូរ, ការទិញ-លក់, ការជួលបន្ត ឬសន្តិកម្មជាដើម។

បន្ថែមពីលើនេះ សម្តេចធិបតីបានស្នើ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយនូវលក្ខខណ្ឌ, យន្តការ, នីតិវិធី និងបទដ្ឋានគតិយុត្តិដើម្បីពន្លឿន និងសម្រួលការអនុវត្ត យន្តការជួលរយៈពេលវែង និងយន្តការទាំង ៣ទៀតទទួលបានប្រសិទ្ធភាព៕