ថ្នាក់ដឹកនាំនិងសមាជិកសមាគមឧកញ៉ាកម្ពុជា ៨០រូបនឹងចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩

by | Nov 10, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកចំនួន ៨០រូបនៃសមាគមឧកញ៉ាកម្ពុជានឹងអញ្ជើញចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ទៅតាមការរៀបចំនិងសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវិមានសន្តិភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ ត្រូវបានទទួលស្គាល់ថាជា វេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា ជាពិសេសត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយដោយរាល់សេចក្តីសម្រេចនានានៃវេទិកានេះនឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមឧកញ៉ាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដែលជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិកានេះក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញការយកចិត្តទុកដាក់ រៀបចំ និងសម្របសម្រួលក្នុងការផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាបានចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ឆ្នាំ២០២៣ ។